មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ រឹបអូសឈើ៥០សន្លឹក នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានធ្វើការដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ចំនួន ៥០សន្លឹក ដែលមានទំហំសរុប ១ម៉ែត្រគូប។
ការដកហូតនេះបានធ្វើឡើងបន្ទាប់ពីទទួលបានការរាយការណ៍ និងការផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក Ma Chetra អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់។
ឈើទាំង៥០សន្លឹកនេះ ត្រូវបានជនសង្ស័យគ្រោងដឹកចេញពីចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្រុមការងាររបស់លោក Ma Chetra បានឃាត់រថយន្តដឹកឈើនេះ ប៉ុន្តែបានលែងទាំងរថយន្ត និងជនសង្ស័យឲ្យទៅវិញ មុនពេលមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងណា ឈើដែលបានដកហូត ត្រូវបានយកមករក្សាទុកនៅស្នាក់ការស្រែវាល ដើម្បីចាត់ការបន្តតាមនីតិវិធី។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា នឹងកសាងសំណុំរឿងនេះបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីមានចំណាត់ការផ្លូវច្បាប់។
ជាមួយគ្នានេះ មន្ទីរបរិស្ថានខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការចូលរួមរាយការណ៍របស់ប្រជាពលរដ្ឋអំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញ ដើម្បីចាត់វិធានការច្បាប់។
ការចូលរួមចំណែករបស់បងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការការពារសម្បត្តិធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ៕

You might also like