ផ្លូវថ្មើរជើងចតុមុខ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងសប្បាយរីករាយ នាពេលរាត្រី
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ផ្លូវថ្មើរជើងចតុមុខ (Walk Street) មានបងប្អូនប្រជាពលរដ្ឋប្រមាណ ១០ម៉ឺននាក់ បានមកដើរលេងកម្សាន្ត ក្នុងនោះមានភ្ញៀវបរទេសប្រហែល ១,០០០នាក់។
មហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យស្អាតជាប់ជាប្រចាំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ។
លោកស្រីបន្តថា តាមការពិនិត្យមើលជាក់ស្តែង ផ្លូវថ្មើរជើងចតុមុខនេះ ត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
លោកស្រីបញ្ជាក់ថា ជាពិសេសគឺដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ រួមទាំងកម្លាំងសមត្ថកិច្ច បានរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យស្អាតជាប់ជាប្រចាំ។
ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ តែងបានដាក់បញ្ចូលនូវផ្ទាំងទស្សនីយភាព និងការសម្ដែងសិល្បៈចម្រុះ បុរាណ សម័យ បន្ថែមពីលើការរៀបចំឱ្យមានការលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត។
គួរបញ្ជាក់ដែរថា ផ្លូវថ្មើរជើងចតុមុខ ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងសប្បាយរីករាយនាពេលរាត្រី។
ជាងនេះទៅទៀត ផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូតមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតចិន សហភាពអឺរ៉ុប និងស្ថានទូតផ្សេងៗទៀត ជ្រើសរើសជាទីតាំងប្រារព្ធកម្មវិធីសំខាន់ៗរបស់ខ្លួនផងដែរ។






