សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
ភ្នំពេញ៖ ថ្លែងប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះជាថ្មីៗនេះ តាមរយៈក្នុងបទសម្ភាសន៍ផ្ទាល់ខ្លួនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ ជាឯកតោភាគី ទោះបីជាកម្ពុជាបានព្រមានស្នើកុំឱ្យលុបចោលក៏ដោយ។
សម្ដេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូដបញ្ជាក់ថា ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថា ជាពិសេសរដ្ឋមន្រ្ដីការបរទេសថៃ ដែលបាននិយាយថា ការណ៍ដែលកម្ពុជាដាក់សំណុំរឿងទៅកាន់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺជាការបិទទ្វារចំពោះការចរចា អំពីព្រំដែនគោក, សម្ដេចធិបតីចាត់ទុកថា ការលើកឡើងនេះ គឺមិនសូវត្រឹមត្រូវ និងមិនសូវយុត្តិធម៌ទេ។
ជាថ្មីម្តងទៀត សម្ដេចធិបតី បានសង្កត់ធ្ងន់ថា មូលហេតុដែលកម្ពុជាជ្រើសរើសយក យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ។ សម្ដេចបានថ្លែងថា អស់រយៈពេលប្រមាណ ១៥ឆ្នាំ កម្ពុជា និងរដ្ឋាភិបាលថៃជាច្រើនជំនាន់ដែលមានជាង ១០រដ្ឋាភិបាល បានបន្តធ្វើការដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ រួមទាំងអតីតនាយករដ្ឋមន្រ្ដីថៃពីររូប លោក Sretha Thavisin និងលោកស្រី Paetongtarn Shinawatra ក្នុងអំឡុងពេលដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដី ក៏បានធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការពិភាក្សាអំពីការអភិវឌ្ឍរួម និងបញ្ហាពាក់ព័ន្ធផ្សេងៗថែមទៀតផង។
ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានបង្ហាញការសោកស្ដាយ ទោះបីជាកម្ពុជាបានព្រមាន និងស្នើសុំឱ្យប្រទេសថៃ កុំលុបចោល អនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ក៏ដោយក៏ភាគីថៃនៅតែសម្រេចលុបចោលកិច្ចព្រមព្រៀងនោះ ដូច្នេះកម្ពុជាគ្មានជម្រើសផ្សេងក្រៅពីការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOSនោះឡើយ៕






