បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនល្មើស១៩នាក់ ដកហូតថ្នាំញៀន និងកញ្ឆាប្រមាណ២០គីឡូក្រាម, ក្រុមជនល្មើសយកកញ្ឆាមកកែច្នៃបង្កើតក្លិន រសជាតិផ្លែឈើ កែច្នៃជាដំណាប់ផ្លែឈើ ជាចាហួយ និងសូកូឡាជាដើម

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាបន្តបន្ទាប់នូវបទល្មើសគ្រឿងញៀន ដោយឃាត់ជនល្មើសសរុប១៩នាក់ ក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនប្រហែល៧គីឡូក្រាម និងកញ្ឆាជាង១០គីឡូក្រាម។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងរាជធានីភ្នំពេញ បានចំនួន៥ករណី ដោយឃាត់ខ្លួនជនល្មើសចំនួន១៩នាក់ (ស្រី៣នាក់) ក្នុងនោះជនជាតិអង់គ្លេសម្នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងកេតាមីនទម្ងន់ប្រហែល ៧គីឡូក្រាម និងកញ្ឆាទម្ងន់ប្រហែលជាង ១០គីឡូក្រាម សរុបប្រហែល ២០គីឡូក្រាម ព្រមទាំងដាវ កាំបិតកែច្នៃមួយចំនួន។

តាមរបាយការណ៍ បានបញ្ជាក់ថា ក្រុមជនល្មើសបានយកកញ្ឆាមកកែច្នៃបង្កើតក្លិន រសជាតិផ្លែឈើ កែច្នៃជាដំណាប់ផ្លែឈើ ជាចាហួយ និងសូកូឡាជាដើម។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជាមួយគ្នានេះ កម្លាំងនគរបាល បានបង្រ្កាបទីតាំងជួញដូរ ប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងហ្គេម JOKER ដែលប្រមូលផ្តុំដោយជនទំនើង និងក្មេងទំនើង។ ក្រុមទាំងនេះបន្ទាប់ពីប្រើប្រាស់គ្រឿងញៀនហើយ ពួកគេចេញបង្កអុកឡុក ប្រើហិង្សាវាយតប់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។
សម្រាប់ក្រុមជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕

You might also like