ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម លើកឡើងថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរឈរលើភាពស្មោះត្រង់ គោរពជឿជាក់លើគ្នាទៅវិញទៅមក បានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងភាពសុខដុម នៃតំបន់និងសកលលោក

នៅក្នុងជំនួបទ្វេភាគីនៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលបានចេញជាផ្លែផ្កាជាក់ស្តែងផ្តល់ឧត្តមប្រយោជន៍ដល់ពលរដ្ឋទាំងសងខាង។ ទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ ឈរលើភាពស្មោះត្រង់ គោរពជឿជាក់លើគ្នាទៅវិញទៅមក បានផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ពលរដ្ឋទាំងពីរតែប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងភាពសុខដុម នៃតំបន់និងសកលលោកថែមទៀតផង។
នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានស្នើភាគីវៀតណាម ពិនិត្យលទ្ធភាពក្នុងការកែសម្រួល និងចុះហត្ថលេខាជាថ្មីលើអនុស្សរណៈនៃការយោគយល់នៃរដ្ឋសភាប្រទេសទាំងពីរ ឆ្លើយតបបរិបទបច្ចុប្បន្ន និងជាតម្រូវការពលរដ្ឋជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចក៏បានស្នើសុំភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងរដ្ឋសភាប្រទេសទាំងពីរផងដែរ។ សំណើនេះ បានទទួលការឯកភាពពីឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ហើយបានស្នើឱ្យគណៈកម្មការជំនាញរដ្ឋសភាប្រទេសទំាងពីរសិក្សា ធ្វើវិសោធនកម្មអនុស្សរណៈនោះដើម្បីរៀបចំពិធីចុះហត្ថលេខានាពេលអនាគត។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានស្នើសុំឱ្យភាគីវៀតណាមជំរុញអ្នកវិនិយោគនិងអ្នកទេសចរទៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង និងបានស្នើសុំរដ្ឋសភាវៀតណាមគាំទ្រលើការធ្វើទំនើបកម្មរដ្ឋសភាកម្ពុជា ជាសភាឌីជីថល។
ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នានៅក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិតទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី មានដូចជាក្នុងក្របខណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្រ្តី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ជាមួយគ្នានេះ រដ្ឋសភាប្រទេសទំាងពីរបន្តគំាទ្រគ្នានៅវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ វៀតណាមសន្យាក្នុងការចូលរួមគាំទ្រដល់ការទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ របស់កម្ពុជានាចុងឆ្នាំនេះ ឱ្យសម្រេចបានជោគជ័យ៕

You might also like