រញ្ជួយដីកម្លាំង 7.1 វាយប្រហារភាគខាងត្បូងជប៉ុន ខណៈមានការភ័យខ្លាចថាមានអ្នកស្លាប់ក្រោយផ្ទុះនៅផ្សារទំនើប

រញ្ជួយដីកម្លាំង 7.1 រ៉ិចទ័រ បានវាយប្រហារខេត្ត Kumamoto ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃអង្គារ បណ្តាលឱ្យអគ្គិសនីដាច់នៅផ្ទះរាប់ម៉ឺនខ្នង ផ្លូវថ្នល់បែកខូច និងមនុស្សជាច្រើនជាប់នៅក្នុងផ្សារទំនើបដែលរលំបាក់មួយផ្នែក ខណៈអាជ្ញាធរភ័យខ្លាចថាអាចមានអ្នកស្លាប់។
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានថ្លែងថា អាជ្ញាធរកំពុងវាយតម្លៃការខូចខាតទាំងមូលនៅតំបន់នេះ ដែលធ្លាប់រងគ្រោះដោយរញ្ជួយដីដ៏សាហាវកាលពី 10 ឆ្នាំមុន។
លោកស្រីបាននិយាយថា៖
«យើងបានទទួលព័ត៌មានថាមានអ្នករងរបួស។ ការដាច់ចរន្តអគ្គិសនី និងអគ្គិភ័យបានកើតឡើងនៅតំបន់ខ្លះៗ ហើយក៏មានការខូចខាតផ្លូវ ស្ពាន និងអគាររលំបាក់ផងដែរ។»
លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។
អាជ្ញាធរបានណែនាំឱ្យប្រជាជនប្រមាណ 300,000 នាក់ ជម្លៀសទៅមណ្ឌលសង្គ្រោះបន្ទាន់ ហើយបានដាក់ពង្រាយទាហានរាប់រយនាក់ ដើម្បីជួយប្រតិបត្តិការស្វែងរក និងសង្គ្រោះ ខណៈរញ្ជួយតូចៗនៅតែបន្តកើតមាន។
ផ្ទុះនៅផ្សារទំនើបសារព័ត៌មាន NHK រាយការណ៍ថា បុគ្គលិកប្រមាណ 20 ទៅ 30 នាក់ នៅផ្សារទំនើបធំបំផុតរបស់ខេត្ត កំពុងបាត់ខ្លួន បន្ទាប់ពីមានការផ្ទុះកើតឡើងក្រោយរញ្ជួយដី។
ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា មានមនុស្សជាច្រើនជាប់នៅខាងក្នុង ខណៈប៉ូលិសឱ្យដឹងថា មានមនុស្សជាច្រើនត្រូវបានសន្និដ្ឋានថាបានស្លាប់ ក្នុងហេតុការណ៍នេះ។
រូបភាពបង្ហាញថា ផ្នែកម្ខាងនៃផ្សារទំនើបដែលមានហាងប្រហែល 200 ហាង បានរលំបាក់ បង្ហាញគ្រោងដែក និងកម្ទេចកម្ទីរាយប៉ាយពេញចំណតរថយន្ត។ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Aeon ដែលគ្រប់គ្រងផ្សារទំនើប បានឱ្យដឹងថា អតិថិជន និងបុគ្គលិកត្រូវបានជម្លៀសចេញភ្លាមៗ បន្ទាប់ពីរញ្ជួយដី ប៉ុន្តែមូលហេតុនៃការផ្ទុះនៅមិនទាន់ដឹងច្បាស់នៅឡើយ។
មនុស្សជាច្រើនរងរបួស ។ សាក្សីម្នាក់ឈ្មោះ Kazuya Tsurunaga បាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ខណៈកំពុងសម្អាតចានបែកនៅក្នុងហាងមួយដែលស្ថិតនៅចម្ងាយប្រហែល 300 ម៉ែត្រពីផ្សារទំនើប។
គាត់បាននិយាយថា៖ «វាជាការផ្ទុះដ៏ខ្លាំងមួយ។ ផ្សែងក្រាស់បានហុយឡើង ហើយដោយសារខ្យល់បក់មកទិសហាងរបស់យើង តំបន់នោះមើលទៅដូចជាកំពុងធ្លាក់ផេះភ្នំភ្លើង។»
មន្ទីរពេទ្យមួយបានទទួលអ្នករងរបួសជាង 50 នាក់ ខណៈមន្ទីរពេទ្យមួយទៀតទទួលអ្នករងរបួសប្រហែល 40 នាក់ ក្នុងនោះ 10 នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មនុស្សមួយចំនួនដែលកំពុងជិះរថភ្លើងល្បឿនលឿនក៏រងរបួសផងដែរ។
ភ្លើងឆេះ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតអគារជាច្រើនផ្សេងទៀតបានឆេះ ឬរលំបាក់មួយផ្នែក ខណៈផ្លូវសំខាន់ៗ និងស្ពានអាកាសមានស្នាមប្រេះធំៗ។
សេវារថភ្លើងត្រូវបានផ្អាក។
ជើងហោះហើរជាច្រើនត្រូវបានលុបចោល ឬបង្វែរទិស។
ក្រុមហ៊ុនធំៗដូចជា TSMC, Sony, Fujifilm, Tokyo Electron និង Honda បានជម្លៀសបុគ្គលិក និងផ្អាកប្រតិបត្តិការរោងចក្រមួយចំនួន។
ចំណុចកណ្តាលនៃរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល 20 គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង Kumamoto ដែលមានប្រជាជនប្រមាណ 700,000 នាក់។
ព្រមានរញ្ជួយបន្ត និងការបាក់ដី ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា អាចមានរញ្ជួយដីខ្លាំងៗបន្ថែមទៀតក្នុងរយៈពេលប្រហែល មួយសប្តាហ៍ និងមានហានិភ័យនៃការបាក់ដី។
លុបចោលការព្រមានស៊ូណាមិ បន្ទាប់ពីរញ្ជួយដី អាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកបាន លុបចោល វិញ។
ក្រុមហ៊ុន Kyushu Electric Power បានឱ្យដឹងថា ផ្ទះប្រហែល 48,000 ខ្នង ដាច់ភ្លើង។
ក្រុមហ៊ុនទូរគមនាគមន៍ KDDI និង Docomo ក៏បានរាយការណ៍ពីការរអាក់រអួលសេវាទូរស័ព្ទដៃផងដែរ។
អាជ្ញាធរនុយក្លេអ៊ែរជប៉ុនបានបញ្ជាក់ថា មិនមានភាពមិនប្រក្រតីណាមួយ នៅរោងចក្រថាមពលនុយក្លេអ៊ែរនៅតំបន់នោះទេ។
រញ្ជួយដីដ៏ធំមួយនៅ Kumamoto កាលពី 10 ឆ្នាំមុន បានសម្លាប់មនុស្ស 275 នាក់ របួស 2,739 នាក់ និងបំផ្លាញអគាររាប់ពាន់ខ្នង រួមទាំងប្រាសាទ Kumamoto ដែលជាតំបន់ទេសចរណ៍ដ៏ល្បីផងដែរ។
រញ្ជួយដីលើកនេះក៏បានធ្វើឱ្យផ្នែកខ្លះនៃជញ្ជាំងថ្មប្រាសាទ Kumamoto រលំបាក់បន្ថែមទៀត។
អាជ្ញាធរបានព្រមានប្រជាពលរដ្ឋដែលនៅតែគ្មានអគ្គិសនីប្រើប្រាស់ ឱ្យប្រុងប្រយ័ត្នចំពោះ ជំងឺប៉ះពាល់ដោយកម្ដៅ (Heatstroke) ខណៈសីតុណ្ហភាពនៅថ្ងៃបន្ទាប់ត្រូវបានព្យាករណ៍ថានឹងឡើងដល់ 34 អង្សាសេ៕

You might also like