លោក ឃួង ស្រេង បើកកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើស Online Scams នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពនៃការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការរងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីដកស្រង់បទពិសោធន៍ លើកយកនូវបញ្ហាប្រឈមក្នុងការចុះអនុវត្តការងារកន្លងមក និងពិភាក្សារកចំណុចខ្វះខាតសម្រាប់ធ្វើការកែលម្អ ធ្វើយ៉ាងណាឱ្យប្រតិបត្តិការបង្រ្កាបបទល្មើសទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោកអភិបាលបានដាក់ចេញនូវអនុសាសន៍ដឹកនាំដ៏ម៉ឺងម៉ាត់ ដោយណែនាំដល់លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុក្រឹត្យលេខ០៣។
ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងស្នាក់នៅរួមទាំងអស់ ក្នុងមូលដ្ឋានត្រូវចូលរួមសហការផ្តល់ព័ត៌មានជូនអាជ្ញាធរឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខណ្ឌត្រូវអនុវត្តវិធានការជំនាញឱ្យកាន់តែសកម្ម ក្នុងការកំណត់មុខសញ្ញាសង្ស័យ ដើម្បីឈានដល់ការបង្រ្កាបបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ហើយត្រូវធ្វើរបាយការណ៍លទ្ធផលអនុវត្តការងារប្រចាំខែ ជូនរដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់។
បន្ថែមពីលើនេះ លោកអភិបាលរាជធានី ក៏បានណែនាំដល់អភិបាលខណ្ឌទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលខណ្ឌ និងយន្តការច្រកចេញចូលតែមួយសង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមសេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ការជំរុញទាំងការបង្រ្កាបបទល្មើស និងការផ្តល់សេវាសាធារណៈនេះ គឺដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕

You might also like