ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ចេញទិសដៅការងារបន្ត ក្រោយចុះអន្តរាគមន៍គ្រប់គ្រងទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញក្រសួង ទីប្រឹក្សាបច្ចេកទេសកូរ៉េ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ វាយតម្លៃ និងណែនាំពង្រឹងយន្តការគ្រប់គ្រង ព្រមទាំងដាក់ចេញវិធានការ និងផែនការសកម្មភាពបន្ត។
កិច្ចប្រជុំនេះរៀបចំឡើង បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការបានចុះពិនិត្យ និងចាត់ចែងប្រតិបត្តិការបើក-បិទទ្វារទឹក ក្នុងកិច្ចអន្តរាគមន៍គ្រប់គ្រងជំនន់ទឹកភ្លៀងក្នុងតំបន់ និងជំនន់ឆ្លងដែន ក្នុងប្រព័ន្ធស្រោចស្រព និងកាត់បន្ថយទឹកជំនន់ប៉ែកខាងលិចខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ និងកំណត់ផែនការសកម្មភាពអាទិភាពដូចខាងក្រោម៖
១. ការត្រៀមលក្ខណៈវាយតម្លៃ និងស្តារឡើងវិញ៖ ត្រៀមចុះវាយតម្លៃផលប៉ះពាល់លើដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីរៀបចំផែនការជួសជុលឡើងវិញឱ្យបានទាន់ពេលវេលា បន្ទាប់ពីទឹកស្រកផុត។
២. ការដកស្រង់បទពិសោធន៍បច្ចេកទេស៖ ស្រង់បទពិសោធន៍ជាក់ស្តែងលើបច្ចេកទេសបិទ-បើកទ្វារទឹកអំឡុងពេលអន្តរាគមន៍ ទុកជាមូលដ្ឋាន និងជាមេរៀនសម្រាប់អនុវត្តប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។
៣. ការកត់ត្រាចំណុចខ្វះខាត និងរៀបចំផែនការអភិវឌ្ឍន៍៖ ពិនិត្យ និងកត់ត្រាចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍បំពេញបន្ថែម សំដៅកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួតឱ្យបានអតិបរមា៕






