សម្តេច ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
គួររំលឹកផងដែរថា វេនកាន់បិណ្ឌទី២ នេះ ជាវេនរបស់ខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ កាលពីម្សិលម៉ិញ សម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញចូលរួមសូត្រមន្តផងដែរ។ សម្រាប់ថ្ងៃនេះក៏មានការជួបជុំពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បន្ទាប់មកក៏មានពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕






