សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥
ការរៀបចំមហាសន្និបាត VECONAC នៅកម្ពុជា គឺជាឱកាសដ៏សំខាន់សម្រាប់អតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន។
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ ដោយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។
រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន និវត្តជន ជនមានពិការភាព និងគ្រួសារជនពលី មរណៈ តាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម សេវាថែទាំសុខភាព និងការគាំពារសង្គម។ វិធានការគាំពារសំខាន់ៗដូចជា ការផ្តល់របបសន្តិសុខសង្គម និងសេវាថែទាំសុខភាព ការឧបត្ថម្ភគ្រួសារជនពលី មរណៈ ការផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅឋាន ព្រមទាំងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់កូន និងអ្នកក្នុងបន្ទុករបស់អតីតយុទ្ធជន និងនិវត្តជនក្រីក្រ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់ដីសម្បទានសង្គមកិច្ច ដើម្បីបន្តជំរុញការរៀបចំភូមិដ្ឋានអតីតយុទ្ធជន និងនិវត្តជន ដោយផ្តោតលើការផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងគ្រួសារជនពលី មរណៈ ដែលមានជីវភាពលំបាក អាចបង្កើតមុខរបរ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៥ តុលា ២០២៦






