រកសពលោកពូមេភូមិត្រាង ឃើញហើយ! លង់ទឹកក្រឡាប់ស្មាច់ នៅភូមិត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល
ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង 10:40.នាទី ព្រឹកនេះ ថ្ងៃទី8 តុលា.2026,
កន្លែងកើតហេតុ លង់ទឹកក្រឡាប់ស្មាច់ នៅភូមិត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (អ្នករងគ្រោះ លោកមេភូមិ ភូមិត្រាងឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង) ។
អធិការស្រុកថ្មគោល លោក សេង លុច បានផ្ដល់ព័ត៌មានបឋមថា លោក ញ៉ូង រឿន អាយុ៧៥ឆ្នាំ មេភូមិត្រាង ឃុំអូរតាគី និងសហការីរបស់គាត់ចំនួន០៤នាក់ទៀត បានជួបឧបទ្ទវហេតុនេះ នៅម៉ោងប្រហែល៨ព្រឹកថ្ងៃទី០៧ តុលា នៅពេលគាត់ជិះទូកស្មាច់តាមដងអូរ ដែលទឹកកំពុងហូរខ្លាំង ទៅដល់ចំណុចខាងក្រោយ«វត្តត្រស់»ទៅហើយ ។ បើគិតត្រឹមម៉ោង១ និង៣០នាទីរសៀលថ្ងៃដដែលនេះ អស់រយៈពេលជិត០៥ម៉ោងហើយ ក្រុមអ្នករុករកនៅតែរកមិនទាន់ឃើញលោកមេភូមិនៅឡើយ
ទេ ។
លោក សេង លុច បានប្រាប់ថា លោកមេភូមិត្រាង និងសហការីរបស់លោកប៉ុន្មាននាក់ទៀត បានជិះទូកស្មាច់ចុះទៅជួបក្រុមការងារថ្នាក់ជាតិ ដែលជួបជុំគ្នានៅក្នុង «វត្តត្រស់» ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ប៉ុន្តែពេលធ្វើដំណើរតាមដងអូរ ដែលមានខ្សែទឹកកំពុងហូរកួចខ្លាំងនៅក្បែរស្ពានខាងក្រោយវត្ត ក៏ត្រូវទឹកកួចទូកក្រឡាប់តែម្ដង ។
អ្នករួមដំណើរ០៤នាក់បានព្យាយាមស្រវេស្រវ៉ាតោងទូកជាប់ ហើយត្រូវបានគេជួយសង្ក្រោះទាន់ លើកលេងតែលោកមេភូមិម្នាក់ ដែលមានវ័យចំណាស់ផង ស្រវ៉ាតោងទូកមិនជាប់ ក៏ត្រូវកម្លាំងទឹកហូរកួចពន្លិចបាត់ខ្លួនភ្លាមៗ បើជាភ្លាមៗនោះ ក្រុមជួយសង្គ្រោះបានប្រឹងប្រែងស្រវ៉ារាវរកគាត់ ក៏មិនឃើញដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីជំនន់ទឹកភ្លៀងបានលិចលង់ខ្លាំងស្ទើរទូទាំងខេត្តបាត់ដំបង កាលពីចុងខែកញ្ញា រហូតមកទល់នឹងពេលនេះ នៅស្រុកថ្មគោល ជំនន់ទឹកភ្លៀងបានឆក់យកជីវិតមនុស្សកើនឡើងដល់ចំនួន០៥នាក់ហើយ បើសិនជាលោកមេភូមិត្រាង ដែលមានវ័យ៧៥ឆ្នាំ ត្រូវបាត់បង់ជីវិតម្នាក់ទៀតក្នុងពេលនេះ ។
លោក សេង លុច បានប្រាប់ថា សន្ទុះទឹកនៅក្នុងដងអូរខាងក្រោយវត្តត្រស់ នៅតែហូរកួចខ្លាំងនៅឡើយ ជាពិសេស ត្រង់ចំណុចក្បែរស្ពាន ដែលលោកមេភូមិ និងក្រុមការងាររបស់គាត់ជួបឧប្បតិហេតុ ។ ពេលនេះ ទាំងកម្លាំងសមត្ថកិច្ច ទាំងកម្លាំងប្រជាពលរដ្ឋរាប់សិបនាក់បាននិងកំពុងប្រឹងប្រែងចុះទឹករុករកលោកមេភូមិត្រាង ប៉ុន្តែនៅមិនទាន់មានតម្រុយនៅឡើយទេ ៕






