លោក ឃួង ស្រេង បញ្ជាឱ្យចាត់វិធានការបន្ទាន់ទប់ស្កាត់ការបាក់ច្រាំងទន្លេនៅព្រែកលៀប និងស្នើក្រសួងធនធានទឹកសិក្សាបង្វែរខ្សែទឹក
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ស្រុតច្រាំងទន្លេមេគង្គមួយកន្លែង នៅចំណុចផ្សារក្រមួន ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ និងទប់ស្កាត់កុំឱ្យបាក់ស្រុតបន្តទៀត។
ដំណើរចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ ក្នុងឱកាសអមដំណើរដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅសាធារណរដ្ឋកាហ្សាក់ស្ថាន។
ក្នុងឱកាសចុះពិនិត្យនោះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បញ្ជូនគ្រឿងចក្រជាបន្ទាន់ដើម្បីចាក់ដីលុបទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ ព្រមទាំងរៀបចំលិខិតស្នើសុំកិច្ចសហការពីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចាត់មន្ត្រីជំនាញចុះមកសិក្សាលម្អិតនៅទីតាំងកើតហេតុ សំដៅរកវិធីសាស្ត្របង្វែរខ្សែទឹកកុំឱ្យហូរបុកច្រាំងបន្តទៀត។
លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹងថា ច្រាំងទន្លេមេគង្គនៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប បានរងការបាក់ស្រុតកាលពីរាត្រីទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយមានទំហំទទឹង ៦ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា បើទោះបីជាកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ នៅពេលទទួលបានសេចក្តីរាយការណ៍ភ្លាម កាលពីថ្ងៃទី១៦ ខែតុលា លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីរៀបចំការជួសជុល និងស្ថាបនាផ្លូវឡើងវិញ សំដៅធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរ។
លោកអភិបាលខណ្ឌជ្រោយចង្វារ បានបន្ថែមថា ទីតាំងច្រាំងទន្លេខាងលើនេះ ធ្លាប់បានបាក់ស្រុតម្តងរួចមកហើយ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ហើយនៅពេលនេះបានបាក់ស្រុតជាថ្មីដោយសារគ្រោះធម្មជាតិ។ យ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន តែងតែយកចិត្តទុកដាក់ខ្ពស់ ដោយបានចុះអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេលវេលា។
ចំពោះការយកចិត្តទុកដាក់ និងវិធានការដោះស្រាយជាបន្ទាន់នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយស្ថាបនាផ្លូវដែលរងការខូចខាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងធានាសុវត្ថិភាពដល់ការរស់នៅរបស់ពលរដ្ឋ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការចុះពិនិត្យទីតាំងបាក់ច្រាំងទន្លេខាងលើ នារសៀលថ្ងៃដដែលនោះ លោក ឃួង ស្រេង ក៏បានបន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពទីតាំងដែលរងការលិចលង់ដោយសារទឹកភ្លៀង នៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ បន្តទៀត ដើម្បីរិះរកវិធានការដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹក និងបញ្ចៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំងលើកក្រោយ៕






