បើប្អូនៗស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងសង្គមជាតិ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ
បើប្អូនៗស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងសង្គមជាតិ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គម បើមិនដូច្នោះទេសមត្ថកិច្ចអាវុធហត្ថនឹងធ្វើការបង្ក្រាបយកទៅព្រមានអប់រំ ក៏ដូចជាចាត់វិធានការតាមផ្លូវច្បាប់។
ជាក់ស្តែងបន្ទាប់ពីមានប្រជាពលរដ្ឋបានផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីក្មេងទំនើង នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានធ្វើការចុះបង្ក្រាបក្រុមក្មេងទំនើង ចំនួន០២នាក់ និងដកហូតម៉ូតូចំនួន ០១គ្រឿង ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុច ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
តាមវិធានការជំនាញ ក្មេងទំនើងទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន យកមកអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ ចំណែកម៉ូតូចំនួន០១គ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន។ អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។






