ខេត្តតាកែវ បញ្ចប់ការកែសម្រួលតម្រាយផ្លូវ ដើម្បីត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅខែក្រោយ
តាកែវ៖ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅខែវិច្ឆិកាខាងមុខនេះ តាមផែនការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបើកការដ្ឋាននេះធ្វើឡើងស្របពេលដែលរដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ និងការសាងសង់បង្គោលតម្រាយផ្លូវថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងនេះ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានបន្ទាប់ពីបិទកម្មវិធីកសាងសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬហៅថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏មានសារៈសំខាន់ ដែលតភ្ជាប់ពីទន្លេមេគង្គទៅកាន់ទន្លេបាសាក់ និងបន្តទៅដល់ខេត្តកែប ដែលជាតំបន់សមុទ្រ។ គម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់តាមផែនការកំណត់ចំនួន ១១ទីតាំងក្នុងពេលតែមួយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ឯកឧត្តមសង្កត់ធ្ងន់ថា គម្រោងនេះនឹងដំណើរការបើកការដ្ឋានតាមផែនការ ខណៈដែល រដ្ឋបាលខេត្តតាកែវបានបញ្ចប់ការកែសម្រួលតម្រាយផ្លូវចាស់ចំនួន ១៩បង្គោល និងការសាងសង់បង្គោលតម្រាយផ្លូវថ្មីចំនួន ១៤២បង្គោល ដើម្បីកាត់បន្ថយផលប៉ះពាល់ និងពន្លឿនការអនុវត្តន៍គម្រោងនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែងដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់នេះ។
ថ្លែងក្នុងកម្មវិធីកសាងសុបិនហ្វូណន វេទិកាបាឋកថាអន្តរជាតិ លោក លាវ ចាវវៃ (Liu Zhaowei) អគ្គនាយកគ្រប់គ្រង គម្រោងព្រែកហ្វូណនតេជោនៃក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន ដើម្បីរួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងយុទ្ធសាស្ត្រ «ឆកោណត្បូងពេជ្រ»។ ការសាងសង់គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញការអភិវឌ្ឍកំពង់ផែនៅតាមអាងទន្លេនានា ដែលនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ។
លោកបានបន្ថែមថា នៅពេលគម្រោងនេះសាងសង់រួចរាល់ ខេត្តតាកែវនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃបណ្តាញផ្លូវនាវាចរណ៍របស់ប្រទេសកម្ពុជា ហើយនឹងទទួលបានកាលានុវត្តភាព និងផលប្រយោជន៍កាន់តែច្រើនពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
លោកមានប្រសាសន៍ថា៖ «ជាបន្តទៅមុខ ក្នុងដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ យើងខ្ញុំនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាងសង់ប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងការគោរពបរិស្ថាន ដោយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តគម្រោងទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនៅកម្រិតទាបបំផុត។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងបន្តអនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវចំពោះសង្គម ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមមូលដ្ឋាន»។
គួរបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦គីឡូម៉ែត្រ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងនេះនឹងអនុញ្ញាតឱ្យនាវាដឹកទំនិញមានចំណុះ ៣ ០០០តោន ក្នុងមួយគ្រឿង អាចធ្វើចរាចរណ៍តាមផ្លូវទឹកនេះបាន។ តាមផែនការរបស់រាជរដ្ឋាភិបាល គម្រោងនេះនឹងត្រូវចំណាយថវិកាប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក និងគ្រោងសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៨ខាងមុខ៕






