លោក Trump បង្កើនសង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា ដោយការដំឡើងពន្ធ ៣៥%
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកជាមួយប្រទេសកាណាដា រយៈពេលមួយថ្ងៃមុនថ្ងៃផុតកំណត់យកពន្ធទី០១ ខែសីហា នេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថា លោក “ពិបាក” ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយកាណាដាណាស់ បន្ទាប់ពីប្រទេសនេះបានផ្តល់ការគាំទ្រដល់រដ្ឋប៉ាឡេស្ទីន។
លោក Trump គ្រោងនឹងដាក់ពន្ធ ៣៥% លើទំនិញកាណាដាទាំងអស់ ដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា ប្រសិនបើប្រទេសទាំងពីរនេះមិនឈានដល់កិច្ចព្រមព្រៀងត្រឹមថ្ងៃកំណត់។ យ៉ាងណាមិញ សេតវិមានបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អត្រាពន្ធថ្មីនេះនឹងចាប់អនុវត្តពីថ្ងៃទី០៧ សីហា សប្ដាហ៍ក្រោយ ពុំមែននៅកាលបរិច្ឆេទកំណត់ថ្ងៃសុក្រ ០១ សីហា នេះ ដូចការរំពឹងទុកនោះទេ។
លោក Trump បាននិយាយលើបណ្ដាញសង្គម Truth Social ថា “កាណាដាទើបតែបានប្រកាសថាខ្លួនកំពុងគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន បែបនេះនឹងធ្វើឱ្យអាមេរិក ពិបាកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយពួកគេណាស់”។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ធ្លាប់និយាយថា កិច្ចចរចាពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន មានភាពស្ថាបនាណាស់ ប៉ុន្តែការពិភាក្សាអាចនឹងមិនបញ្ចប់ត្រឹមថ្ងៃកំណត់ទេ។ លោកបន្ថែមថា កិច្ចចរចារវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹង ប៉ុន្តែកិច្ចព្រមព្រៀងដែលនឹងដកពន្ធអាមេរិកទាំងអស់ គឺទំនងមិនកើតឡើងឡើយ។
គួរឱ្យដឹងថា កាណាដាជាដៃគូពាណិជ្ជកម្មធំទី២ របស់អាមេរិក បន្ទាប់ពីម៉ិកស៊ិក និងជាអ្នកទិញធំបំផុតនៃការនាំចេញរបស់អាមេរិក។ កាណាដាបានទិញទំនិញអាមេរិកចំនួន ៣៤៩,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ហើយបាននាំចេញតម្លៃ ៤១២,៧ពាន់លានដុល្លារ ទៅកាន់អាមេរិក នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនរបស់អាមេរិក៕