ក្នុងពេលពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ព ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងការងារអះអាងថា ការធ្វើការងារនៅក្នុងស្រុកមានភាពងាយស្រួលជាង និងអត្ថប្រយោជន៍សម្បូរបែប

(ខេត្តព្រះវិហារ)៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី បានដឹកនាំថ្នាក់ដឹកនាំក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤គ្រួសារ ស្មើនឹង ៥៥៥នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន ៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការនៅប្រទេសថៃឱ្យត្រឡប់មកធ្វើការក្នុងស្រុកវិញ។
លោករដ្ឋមន្រ្តី ហេង សួរ បានថ្លែងអំណរគុណនិងគោរពដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរកងទ័ពដែលរងរបួស សូមឱ្យបានឆាប់ជាសះស្បើយវិញ៕

You might also like