យុវជនម្នាក់ ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលស្លាប់មួយរំពេច បន្ទាប់ពីជិះម៉ូតូប៉ះជាមួយរថយន្តដឹកអេតចាយ
ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូតាមដងផ្លូវទៅប៉ះជាមួយរថយន្តដឹកអេតចាយម៉ាក KIA បណ្ដាលឲ្យដួល សំណាងអាក្រក់ក៏ត្រូវរថយន្តបែនដឹកដីកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អេីលនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចលេីផ្លូវ១០៤ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្លោ បានឲ្យដឹងថា ភាគីម៉ូតូរងគ្រោះមានគ្នា០៣នាក់ ទី១- ឈ្មោះ ឃឿន សុខខៃ ភេទប្រុស អាយុ ២២ ភូមិបុស្សស្អំ ឃុំ បួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង(អ្នកបើកម៉ូតូ ស្លាប់កន្លែងកើតហេតុ) ។ ទី២- ឈ្មោះ ឃឿន សុខុម ភេទប្រុស អាយុ ២០ ស្រុកកំណើតនៅខេត្តបាត់ដំបង (រួមដំណើរត្រូវជាប្អូនរងរបួសស្រាល) ។ និងទី៣ ឈ្មោះ អ៉ី ម៉ូរ៉ូស្សា ភេទ ប្រុស អាយុ៦០ (រួមដំណើរត្រូវជាឪពុក)រងរបួស្រាល ។ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IY 3717 ។
ចំណែកភាគី រថយន្ដអេតចាយ ម៉ាក kIA ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0769 អ្នកបើកបរ មិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន)
សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានបញ្ចាក់ តាមទិសដៅម៉ូតូ ពីលិចទៅកើត រថយន្ដអេតចាយ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្ដអេតចាយបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូជិះប៉ះចំកន្ទុយរថយន្ដអេតចាយពីក្រោយបណ្ដាយឲ្យខ្ទាតចូល រថយន្ដ១គ្រឿងទៀត មិនស្គាល់អត្ដសញ្ញាណ (សង្ស័យបែនដឹកដី)បណ្តាលឲ្យកិនស្លាប់មនុស្សម្នាក់នៅនឹងកន្លែង និងរងរបួសស្រាល០២នាក់ ភ្លាមៗរថយន្តបង្កសង្ស័យជាបែនដឹកដីនោះបានបេីកគេចបាត់ស្រមោល ។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ចុះដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តដឹកអេតចាយ និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕