រដ្ឋបាលរាជធានីភ្នំពេញ នាំចង្ក្រានហ្គាសធុនតូច ៥០០០ចង្ក្រាន និងកំប៉ុងហ្គាស ១ម៉ឺនកំប៉ុង ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា នៅស្រុកសំរោង ខេត្ដឧត្ដរមានជ័យ

(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកចង្ក្រានហ្គាសធន់តូច ចំនួន៥០០០ចង្ក្រាន និងកំប៉ុងហ្គាសចំនួន១ម៉ឺនកំប៉ុង ប្រគល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបន្ដយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋភៀសខ្លួនយើងកំពុងមានការខ្វះខាត នៅស្រុកសំរោង ខេត្ដឧត្ដរមានជ័យ ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយលោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ជូនលោក ឧត្ដមសេនីយឯក ច័ន្ទ លំផាត អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាងលោកកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយឯក ច័ន្ទ លំផាត បានអរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក អុីមរ៉ន ហាស្សាន់ ដឹកនាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសធុនតូច នាពេលនេះ គឺចំពេលដែលបងប្អូនប្រជាពលរដ្ឋភៀសខ្លួនយើងកំពុងមានការខ្វះខាត ចង្ក្រានហ្គាសតូច ងាយស្រួលចល័ត ងាយស្រួលយើងយកតាមខ្លួន ងាយស្រួលចំអិនអាហារម្ដងៗ អំណោយទាំងនេះ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរពិតប្រាកដ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងផលប៉ះពាល់ភៀសសឹក ស្ថិតក្នុងស្រុកចំនួន៤ និថឃុំ ២៤ឃុំ មានចំនួន១៤៥៧៣គ្រួសារ ស្មើនិង៣៦៧៤២នាក់ ក្នុងនោះ កុមារ៦៦៧នាក់ និងជនចាស់ជរាចំនួន ១៤៧៥នាក់ បានជម្លៀសមករកទីកន្លែងសុវត្ថិភាព ចំនួន៧ជំរុំ៕

You might also like