ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រគោលការណ៍មនុស្សធម៌ បោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោម
ភ្នំពេញ៖ លោក កាឡូស ឌី-សូរ៉េតា CARLOS D. SORRETA ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រគោលការណ៍មនុស្សធម៌ បោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោម។
ការសរសើរនេះដែរ បន្ទាប់ពីលោកទទួលបានលិខិតផ្លូវការរបស់កម្ពុជា ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា។
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានលើកទ្បើងថា ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង តែយ៉ាងណាត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត។
ប្រធានអនុសញ្ញា បានប្តេជ្ញារក្សានូវបទដ្ឋាន គោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។ សូមជម្រាបថា ក្នុងការប៉ះទន្គិចរវាងកម្ពុជា- ថៃ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង ពាំគ្រាប់បែកចង្កោមជាច្រើនមកទម្លាក់ស្រោចដូចដំណក់ទឹកភ្លៀងមកលើទឹកដីកម្ពុជា ជាពិសេស ស្រោចលើគោលដៅយោធា ទីតាំងយុទ្ធោបករណ៍ ទីតាំងជនស៊ីវិល វត្តអារាម ផ្ទះសម្បែង និងទីតាំប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
គ្រាប់បែកចង្កោមនេះ មានអានុភាពខ្លាំងត្រង់កំណត់គោលដៅច្បាស់លាស់ និងការបំផ្ទុះមានកម្លាំងខ្លាំងធ្វើឱ្យបែកខ្ចាត់ខ្ចាយពេញតំបន់គោលដៅយ៉ាងធំទូលាយ។ យ៉ាងណា ការប្រើប្រាស់គ្រាប់បែកចង្កោម ពីសំណាក់ភាគីថៃឈ្លានពានកម្ពុជានេះ គឺថៃកំពុងតែរំលោភលើអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការផលិត ការស្តុកទុក និងការផ្ទេរគ្រាប់បែកចង្កោមជាអន្តរជាតិ៕