រដ្ឋបាលខេត្តបាត់ដំបង កំពុងជួយសម្របសម្រួលពលករខ្មែរមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិដូង ខណៈមានពលករខ្មែរជាង១០ម៉ឺននាក់ បានត្រឡប់មកវិញ

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ព្រមទាំងក្រុមការងារគ្រប់ផ្នែកទាំងអស់កំពុងសស្រាក់សស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋមនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង១០ម៉ឺននាក់បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានយកចិត្តទុកដាក់ និងផ្ដល់រថយន្តក្រុងរាប់រយគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរទៅដល់ស្រុកកំណើតរៀងៗខ្លួនប្រកបដោយសុខសុវត្ថិភាព។
ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា អាជ្ញាធរ កងកម្លាំង មន្រ្តីរាជការ យុវជន និងគ្រប់ភាគីពាក់ព័ន្ធកំពុងខិតខំជួយសម្របសម្រួល និងជញ្ជូនអីវ៉ាន់ពលករខ្មែរដោយមិនគិតពីការនឿយហត់នោះឡើយ។
បងប្អូនពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ មន្ត្រីពាក់ព័ន្ធដែលបានជួយសម្របសម្រួល។
បងប្អូនពលករខ្មែរបានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុងសម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ។
សូមរំលឹកថា ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ៕

You might also like