ជនសង្ស័យលួចម៉ូតូចំនួន៤នាក់ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ពីខេត្តរតនគិរី មកលាក់ខ្លួននៅភ្នំពេញ
ភ្នំពេញ ៖ ជនសង្ស័យលួចម៉ូតូចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះមកសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ពីខេត្តរតនគិរីមកលាក់ខ្លួននៅភ្នំពេញ។
ជនសង្ស័យ ៖ ១.ឈ្មោះ យ៉ុង ណារុន ភេទប្រុស អាយុ៤១ឆ្នាំ,២.ឈ្មោះ ណារុន មករ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ,៣.ឈ្មោះ សេវ ចិត្ត ភេទប្រុស អាយុ១៧ឆ្នាំ និង៤.ឈ្មោះ ផាត រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ។
នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្ទះសំណាក់នឹកនា បន្ទប់២០៦ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឃាត់ខ្លួនជនសង្ស័យនេះ បន្ទាប់ពីជនសង្ស័យទាំង៤នាក់ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក Honda Dream C១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម១S-៩៣៥០ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលដែលស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីហើយមកសម្ងំលាក់ខ្លួននៅចំណុចផ្ទះសំណាក់ខាងលើបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី៕