ប្រមុខការពារជាតិកម្ពុជា ៖ អាមេរិក បង្ហាញជំហរគាំទ្របទឈប់បាញ់ និងចូលរួមគាំទ្រផ្នែកភស្តុភា ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន ឲ្យបានលឿនបំផុត

(ម៉ាឡេស៊ី)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។

បើតាមនាយឧត្តមសេនីយ៍ ទៀ សីហា, ក្នុងកិច្ចជំនួបនោះ លោក Edgard Kagan បានបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលលោកប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។
លោកទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារ អ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។
ថែមទាំងបានបង្ហាញពីអ្វី ដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះ បង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ៕

You might also like