CMAC រកឃេីញគ្រាប់ផ្សែង ជាប្រភេទគ្រាប់ផ្លោង ១៥៥មម មានផ្ទុកផ្សែងពុល ដែលទាហានថៃបាញ់មកលើកម្ពុជា នៅតំបន់វាលស្រែពលរដ្ឋ
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា កម្លាំងជំនាញអង្គភាព CMAC ប្រទះឃេីញគ្រាប់ផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង ១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus (WP) នៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ ដែលជាគ្រាន់ផ្លោង ដែលទាហានសៀមបានបាញ់មកលើទឹកដីកម្ពុជា។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះលោក ហេង រតនា បានបញ្ជាក់ដូចនេះថា «កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម! កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។ គ្រាប់ផ្លោង១៥៥មម នេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន៕