ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក នៅតំបន់កាស្មៀរឥណ្ឌា សម្លាប់មនុស្សជិត ៦០នាក់ និងរាប់សិបនាក់បាត់ខ្លួន
ក្រុមមន្ត្រីអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា មនុស្សយ៉ាងហោចណាស់ចំនួន ៥៦នាក់ បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន ហើយជាច្រើនទៀតបានរងរបួស បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកនៅក្នុងតំបន់កាស្មៀរ របស់ប្រទេសឥណ្ឌា ដែលជាគ្រោះមហន្តរាយធម្មជាតិលើកទីពីរហើយនៅតំបន់ភ្នំហិម៉ាឡៃបែបនេះ ក្នុងពេលជាងមួយសប្តាហ៍។
ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីប្រជុំជន Chasoti នៃស្រុក Kishtwar ដែលជាចំណុចសំចតនៅលើផ្លូវធម្មយាត្រាដ៏ពេញនិយមមួយ។ ការស្លាប់ដ៏ច្រើននេះក៏បានកើតឡើងក្នុងរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា និងបំណាក់ដី បានលេបត្របាក់ភូមិទាំងមូលនៅក្នុងតំបន់ភ្នំហិម៉ាឡៃដូចគ្នានេះនៃរដ្ឋ Uttarakhand។
លោក Ramesh Kumar ស្នងការរងនៃស្រុក Kishtwar បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា គ្រោះមហន្តរាយបានកើតឡើងនៅម៉ោងក្នុងស្រុក ១១:៣០នាទីព្រឹក ហើយនគរបាលក្នុងតំបន់ កងទ័ព កងកម្លាំងអាកាស និងមន្ត្រីឆ្លើយតបគ្រោះមហន្តរាយ បានទៅដល់កន្លែងកើតហេតុ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះកំពុងដំណើរការ។
ក្រសួងឧតុនិយមឥណ្ឌាបានឱ្យដឹងថា ការបង្អុលភ្លៀងដ៏ខ្លាំងក្លានោះគឺកើតឡើងភ្លាមៗពេកយ៉ាងគំហុក ដោយទម្លាក់ទឹកភ្លៀងច្រើនជាង ១០០មីលីម៉ែត្រ ក្នុងពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដែលអាចបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក បំណាក់ដី និងការបំផ្លិចបំផ្លាញ ជាពិសេសនៅតំបន់ភ្នំក្នុងអំឡុងពេលរដូវកាលខ្យល់មូសុង៕



