លោក Trump និយាយថាលោក Putin ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងស្តីពីបញ្ហាអ៊ុយក្រែន ដោយសង្ឃឹមថាលោក Zelenskyy នឹងចូលរួម
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកជឿថា សមភាគីរុស្ស៊ីលោក Vladimir Putin ត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ក្នុងការលើកឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលសម្រាប់ថ្ងៃសុក្រនេះ រវាងមេដឹកនាំទាំងនោះ ប៉ុន្តែសន្តិភាពនោះ ទំនងជាទាមទារឱ្យមានកិច្ចប្រជុំជាលើកទីពីរ ពាក់ព័ន្ធនឹងមេដឹកនាំអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោក បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី កើតឡើងពីកិច្ចប្រជុំកំពូលនៅថ្ងៃសុក្រនេះ ដែលទុកឱ្យអ៊ុយក្រែនងាយរងគ្រោះនឹងការវាយប្រហារនាពេលអនាគត។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា លោកគិតថាប្រធានាធិបតីរុស្ស៊ី នឹងបង្កើតសន្តិភាព ហើយលោកគិតថាប្រធានាធិបតី Zelenskyy នឹងបង្កើតសន្តិភាពដែរ ។ យើងនឹងមើលឃើញថាតើពួកគេត្រូវគ្នាឬអត់។
លោក Trump បានបន្ទាបក្ដីរំពឹងនៃការពិភាក្សាអំពីបទឈប់បាញ់ដែលកើតចេញពីកិច្ចប្រជុំកំពូល នេះ ហើយបានប៉ាន់ប្រមាណអំពីកិច្ចប្រជុំលើកទីពីរដែលអាចកើតមាននាពេលខាងមុខ ដោយមានការចូលរួមពីមេដឹកនាំជាច្រើនទៀត។
លោកគិតថាការជួបគ្នានោះនឹងជាកិច្ចប្រជុំដ៏ល្អ ប៉ុន្តែកិច្ចប្រជុំដ៏សំខាន់ជាងនេះនឹងក្លាយជាកិច្ចប្រជុំទីពីរដែលយើងនឹងមាន។ យើងនឹងជួបជាមួយប្រធានាធិបតី Putin ប្រធានាធិបតី Zelenskyy និងរូបលោកផ្ទាល់ ហើយប្រហែលជាយើងនឹងនាំមេដឹកនាំអឺរ៉ុបមួយចំនួនមកជួបជុំគ្នាដែរ ឬក៏ប្រហែលជាមិនមានដែរ។លោកមិនទាន់ដឹងនៅឡើយទេ៕



