ប្រមុខការបរទេសរុស្ស៊ី បានទៅដល់រដ្ឋអាឡាស្កា ខណៈលោក Trump-Putin កំពុងឆ្ពោះទៅបើកជំនួបកំពូល
លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ១៥ សីហា នេះ សម្រាប់កិច្ចប្រជុំកំពូលដែលមានហានិភ័យខ្ពស់ ខណៈទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកបទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក Alexander Darchiev បានទៅដល់រដ្ឋអាឡាស្កា រួចរាល់ហើយ សម្រាប់ជំនួបកំពូលដែលពិភពលោកទន្ទឹងរង់ចាំរវាងមេដឹកនាំរុស្ស៊ី-អាមេរិក នៅថ្ងៃសុក្រនេះ។ ចំណែកលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin វិញ បានចេញដំណើរទៅដល់ក្រុង Magadan ដែលជាទីក្រុងកំពង់ផែនៅភាគខាងកើតរុស្ស៊ី តាមផ្លូវរបស់លោកទៅកាន់រដ្ឋអាឡាស្កា នេះបើយោងតាមសារព័ត៌មានរុស្ស៊ី។
វត្តមានមន្រ្តីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀតក៏ទៅកាន់អាមេរិកផងដែរ រួមមាន ក្រុមចរចារបស់ទីក្រុងមូស្គូ គឺជំនួយគោលនយោបាយការវិមានក្រឹមឡាំង លោក Yury Ushakov; រដ្ឋមន្ត្រីការពារជាតិ លោក Andrey Belousov; រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Anton Siluanov ;និងលោក Kirill Dmitriev ដែលជាអ្នកចរចាជាន់ខ្ពស់ និងជាប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ី។
ភាគីដ៏សំខាន់មួយរូបដែលនឹងអវត្តមាននៅជំនួបថ្ងៃសុក្រនេះនៅទីក្រុង Anchorage ធំបំផុតរបស់រដ្ឋអាឡាស្កា វេលាម៉ោងក្នុងស្រុក ១១:៣០នាទីព្រឹកនេះ គឺប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy៕