នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀនន ពិសេទីតាំងសប្បាយដ្ឋាន និងអគារដែលមានហានិភ័យ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងផែនការរបស់រាជរដ្ឋាភិបាល ខណៈដែលនិន្នាកាលសកលមិនទាន់មានការថយចុះ នៃសកម្មភាពជួញដូរគ្រឿងញៀននេះនៅឡើយទេ។
ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ ហើយក្លាយទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។
នាយឧត្តមសេនីយ៍ ស ថេត បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជា ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។
បន្ថែមពីនេះ ត្រូវជំរុញការងារស្រាវជ្រាវ ស៉ើបអង្កេត ស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុក បង្កក រឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះ ត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេស។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យលើកកម្ពស់សមត្ថភាពជំនាញក្នុងការស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវគោលដៅលួចលាក់កែច្នៃសារធាតុញៀន។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំដែលដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ត្រូវប្រើប្រាស់នូវវិធានការជំនាញ និងបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការបង្ក្រាបនោះទទួលបានជោគជ័យ ហើយគ្មានបង្កហានិភ័យ ឬគ្រោះថ្នាក់ណាមួយដល់កម្លាំង។ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺសុទ្ធតែមានអាវុធ ហើយមានចរិកកាចសាហាវ។ លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារបង្ក្រាបគ្រឿងញៀនដែលសម្រេចបានពេលកន្លងទៅនេះ។
សូមជម្រាបថា លទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀន ឆមាសទី១ ឆ្នាំ២០២៥ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនសរុបចំនួន ៤៣១២/៣៨១៤ករណី កើន ៤៩៨ករណី ស្មើ ១៣% ឃាត់ខ្លួន ១០,៩៧១/៩,៤១១នាក់ កើន ១,៥៦០នាក់ ស្មើ ១៧% ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣តោន ៩៣៩គីឡូក្រាម/៣តោន ៤២៧គីឡូក្រាម កើន ៥១២គីឡូក្រាម ស្មើ ១៥% និងសារធាតុគីមី ១តោន ៩៩គីឡូក្រាម/១៤គីឡូក្រាម កើន៩៥៨គីឡូក្រាម ស្មើ៦៧៩% រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត រួមមាន៖
*ករណីជួញដូរ ដឹកជញ្ជូន រក្សាទុក ២,៦៣០ករណី ឃាត់ខ្លួន ៥,៤៦២នាក់
*ករណីកែច្នៃផលិត ៣ករណី ឃាត់ខ្លួន ២២នាក់
*ករណីដាំដុះដំណាំកញ្ឆា ៥ករណី ឃាត់ខ្លួន ៨នាក់
*ចាត់ចែងសម្រួលឲ្យប្រើប្រាស់ ៤ករណី ឃាត់ខ្លួន២២នាក់
*បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់ខ្លួន១៧នាក់
*ករណីប្រើប្រាស់ ១,៦៥៧ករណី ឃាត់ខ្លួន៥,៤៤០នាក់ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន១,១៣៤នាក់ បញ្ជូនទៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទា ចំនួន៤,១១៩នាក់ និងធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលយកទៅបន្សាបព្យាបាលនៅតាមសហគមន៍ ចំនួន១៨៧នាក់៕