ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា(ក្មេងទំនើងបង្កការអុកឡុកកាប់បំផ្លិចបំផ្លាញម៉ូតូតាមផ្លូវសាធារណៈ និងបង្ករបួសស្នាម)

ស្រុកបាទី : នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើងបង្កការអុកឡុកកាប់បំផ្លិចបំផ្លាញម៉ូតូតាមផ្លូវសាធារណៈ) កើតឡើងនៅតាមបណ្តោយដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ០១ក្រុមមានគ្នាប្រមាណជា២០នាក់ប្រើប្រាស់មធ្យោបាយធ្វើដំណើរម៉ូតូប្រមាណជា១០គ្រឿងក្រុមខាងលើប្រដាប់ដោយអាវុធដាវសាំម៉ូរ៉ៃ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ បានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះឈ្មោះ អៀង មាស ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ០១គ្រឿងធុនស៊ុយស៊ូគីនិច ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ ១LD-៩៥៧៦ ខណៈពេលដែលក្រុមជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងមកដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពដេញតាមទាន់ម៉ូតូជនរងគ្រោះភិតភ័យក៏បានរត់ចោលម៉ូតូ ភ្លាមនោះក្រុមជនសង្ស័យខាងលើក៏បានកាប់បំផ្លិចបំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតបែកខោអាវ និងដាច់កន្ទុយចាប់ស្លាកលេខ ក្នុងករណីខាងលើមិនបណ្តាលឱ្យមានជនណាម្នាក់ទទួលរងរបួសអ្វីឡើយ ។ ក្រោយធ្វើសកម្មភាពក្រុមជនសង្ស័យខាងលើនាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទីខែឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស៊ើបអង្កេតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យដែលបានប្រព្រិត្តក្នុងករណីខាងលើជាបន្តបន្ទាប់បាន០៥នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀតៈ
ទី១/.ឈ្មោះ រឿន ដាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាក្មេងទំនើង)
ទី២/.ឈ្មោះ ណាន់ ណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាក្មេងទំនើង)
ទី៣/.ឈ្មោះ វន នីកូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាក្មេងទំនើង)
ទី៤/.ឈ្មោះ ជី ប៊ុនសាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាក្មេងទំនើង)
ទី៥/.ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មកររោចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាក្មេងទំនើង) ព្រមទាំងដកហូតវត្ថុតាងមធ្យោបាយម៉ូតូជិះធ្វើសកម្មភាពម៉ូតូបានចំនួន០៣គ្រឿង និងដកហូតវត្ថុតាងដាវសាំម៉ូរ៉ៃចំនួន០១ដើម កាំបិតប៉័ងតោចំនួន០១ដើម យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ រីឯបក្ខពួកក្រុមជនសង្ស័យខាងលើមួយចំនួនទៀត បាននឹងកំពុងរត់គេចខ្លួន ។
ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like