មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរឆាប់រហ័ស ខណៈរិះគន់សមយុទ្ធកូរ៉េខាងត្បូង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១៩ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើង ត្រូវការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយបានហៅសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាជា “ការបង្ហាញឆន្ទៈបង្កសង្គ្រាម”។
គួរឱ្យដឹងថា កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឈ្មោះ សមយុទ្ធខែលការពារសេរីភាព Ulchi ក្នុងសប្តាហ៍នេះ រួមទាំងហ្វឹកហ្វឺននូវការឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង តែងរិះគន់សមយុទ្ធបែបនេះថាជាការហាត់សមសម្រាប់ការលុកលុយ ហើយពេលខ្លះឆ្លើយតបវិញដោយការសាកល្បងអាវុធ ប៉ុន្តែទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោននិយាយថា សមយុទ្ធទាំងនេះគឺជាការការពារសុទ្ធសាធ។
យោងតាមការបកប្រែជាភាសាអង់គ្លេសរបស់ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបង្ហាញថា លោក គីម បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់នាវាពិឃាតកងទ័ពជើងទឹកកាលពីថ្ងៃចន្ទថា៖ សមយុទ្ធនេះគឺជា “ការបង្ហាញយ៉ាងច្បាស់អំពី … ចេតនារបស់ពួកគេក្នុងការរក្សាអរិភាព និងសកម្មភាពប្រឈមមុខយ៉ាងខ្លាំងក្លាបំផុត” ចំពោះកូរ៉េខាងជើង។
KCNA បន្តថា លោក គីម បានលើកឡើងយ៉ាងម៉ឺងម៉ាត់ថា បរិយាកាសសន្តិសុខបែបនេះតម្រូវឱ្យកូរ៉េខាងជើង “ពង្រីក” អាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយសង្កត់ធ្ងន់ថា សមយុទ្ធរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹង “ធាតុនុយក្លេអ៊ែរ”៕



