ខឹងរឿងកែខោមិនព្រមកែចេញមកវិញ ដេញវាយគ្នាផ្អេីលកម្មករ-កម្មការិនីរោងចក្រ រត់ជាន់គ្នា
ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមការដឹកនាំបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺកំលាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកំលាំងអធិការដ្ឋាននគរបាល ស្រុកសំរោងទង បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនេីងដែលបង្កហិង្សាដេញវាយគ្នាមុខរោងចក្រ ក្រោយទំនាស់ពាក្យសម្ដីគ្នានៅក្នុងរោងចក្ររឿងស្នេីឲ្យកែសម្រួលខោដែលខូចតែភាគីម្ខាងប្រកែកថាមិនធ្វេីនោះទេ ហ្អែងថៅកែអញមែន?
ផ្អែកតាមគណនីហ្វេសប៊ុកឈ្មោះ ឌីណាក្មេងតូច KH ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៥ ដែលបានបង្ហោះអំពីសកម្មភាពក្មេងទំនើង ២ក្រុមមានគ្នាប្រមាណ២០នាក់បានយកមួកសុវត្ថិភាព ដុំថ្ម គប់គ្នាទៅវិញទៅមកនៅចំណុចមុខរោងចក្រហ៊ីរ៉ូតា ទីតាំងស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ជាប់ផ្លូវជាតិលេខ៤ គ្រោងផ្លាស់ប្ដូរឈ្មោះនៅពេលខាងមុខ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ដោយមានកិច្ចសហការ ដឹកនាំពីកំលាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំលាំងនគរបាលស្រុកសំរោងទង កំណត់បានមុខសញ្ញាជនបង្កចំនួន៦នាក់៖
[១]-ឈ្មោះ អ៉ឺន សុភី ហៅក្រូច ភេទប្រុស អាយុ ២២ឆ្នាំ កាន់មួកកូប សុវត្ថិភាព [២]-ឈ្មោះ ណេន សុវណ្ណារី ហៅរី ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកកាន់ដុំថ្ម [៣]-ឈ្មោះ ឃ្លោក គង់ ហៅញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករេីសយកដុំថ្មគប់ ភាគីម្ខាងទៀត[១]-ឈ្មោះ ភឿន ភាស់ ភេទប្រុស អាយុ ២២ឆ្នាំ កាន់កាំបិតបុ័ងតោ [២]-ឈ្មោះ ភឿន ភ័ក្រ្ត ភេទប្រុស អាយុ ២០ឆ្នាំ កាន់មួកសុវត្ថិភាព [៣]-ឈ្មោះ ភឿន សុភា ភេទប្រុស អាយុ ១៨ឆ្នាំ កាន់មួកកូបសុវត្ថិភាព។
តាមការសាកសួរ ភាគីទាំងសងខាងសុទ្ធតែទទួលស្គាល់ថា ពួកគេពិតជាមានទំនាស់ពាក្យ សម្ដីប្រាកដមែននិងបានធ្វេីសកម្មភាពប្រយុទ្ធគ្នាដោយចង់ដឹងថា អាណាខ្លាំងជា។
សមត្ថកិច្ចជំនាញដកហូតម៉ូតូ៤គ្រឿង និងមួកសុវត្ថិភាពចំនួន៤ និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដនីតិវិធី៕



