ទោះមានបញ្ហាព្រំដែន តែវិស័យទេសចរណ៍របស់កម្ពុជានៅតែមានភាពរឹងមាំ ខណៈភ្ញៀវទេសចរបរទេសជឿជាក់លើសុវត្ថិភាពនៅកម្ពុជា
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែននៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណាភ្ញៀវទេសចរបរទេសមានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និងសេវាកម្មរបស់យើងជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។
ភ្ញៀវទេសចរជនជាតិអ៉ីតាលី បានលើកឡើងថា ពួកគាត់បានទទួលព័ត៌មានពីមិត្តភក្តិពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពួកគាត់មិនមានការភ័យខ្លាចនោះទេ ដោយសាររាជរដ្ឋាភិបាលបានគិតគូរពីសុខសុវត្ថិភាពរួចហើយ ហើយជម្លោះនោះក៏នៅឆ្ងាយពីតំបន់ទេសចរណ៍អង្គរ ជាពិសេសពួកគាត់ជឿជាក់លើសុវត្ថិភាពនៅកម្ពុជា។
ពួកគាត់ថា បញ្ហាជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលប្រទេសទាំង២ គួរតែបញ្ចប់ ព្រោះសង្គ្រាមមិនអាចធ្វើឱ្យប្រជាជនមានក្ដីសុខនោះឡើយ៕



