ប្រដេញឃាត់រថយន្តមួយគ្រឿង សង្ស័យករណីចាប់ជំរិត នៅក្នុងបុរីភ្នំពេញថ្មី ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ករណីនេះបានកើតឡើងវេលា យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបុរីភ្នំពេញថ្មី ផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានប្រដេញតាមឃាត់រថយន្តមួយគ្រឿងសង្ស័យពាក់ព័ន្ធករណីចាប់ជំរិត។ មន្ត្រីអាវុធហត្ថនៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេ។
ករណីនេះកម្លាំងអាវុធហត្ថបានប្រដេញតាមរថយន្តមួយគ្រឿងម៉ាក GAC ពណ៌ខ្មៅ មិនមានស្លាកលេខ ដែលបើកបរដោយបុរសជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធករណីចាប់ជំរិតលើស្ត្រីជនជាតិចិន តាមបណ្តោយផ្លូវ ១០០៣។ ក្នុងអំឡុងពេលរត់គេច រថយន្ដសង្ស័យបានបុករទេះលក់សាច់អាំងនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត និងព្យាយាមបើករត់គេបន្ត។
ប្រភពបានបន្តថា នៅពេលបើករត់មកដល់ក្នុងបុរីភ្នំពេញថ្មី ផ្លូវ១០០៧ ក៏មានសំឡេងផ្ទុះអាវុធ ២គ្រាប់ ធ្វើឲ្យរថយន្តបែកកង់ និងឈានដល់ការឃាត់បានទាំងរថយន្ត និងជនសង្ស័យជាបុរសជនជាតិខ្មែរម្នាក់ និងបានរំដោះស្ត្រីជនជាតិចិនម្នាក់ចេញពីក្នុងរថយន្ត។
កម្លាំងអាវុធហត្ថបានបញ្ជាក់ថា ករណីនេះសង្ស័យជាករណីចាប់ជំរិត ប៉ុន្តែមិនទាន់អាចបង្ហាញព័ត៌មានលំអិតបន្ថែមនៅឡើយទេ។ ជនសង្ស័យ និងរថយន្តត្រូវបាននាំទៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ដើម្បីសួរនាំបន្តតាមនិតិវិធី៕



