ជនសង្ស័យ ៤នាក់ កម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យជនសង្ស័យ និងវត្ថុតាង នៅទីតាំងឈរជើងរបស់កងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ក្រោយពីកម្លាំងកងទ័ពចាប់បានជនសង្ស័យ៤នាក់ និងឡាន១គ្រឿង វេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពួកគេកំពុងធ្វើសកម្មភាពដឹកកូនត្រីតូចៗប្រមាណជា២តោនក្នុងរដូវបិទនេសាទ ហើយកូនត្រីទាំងនោះបាននេសាទដោយបទល្មើសរបាំងស្បៃមុងជាឧបករណ៍ហាមឃាត់ ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោយការឃាត់ជនសង្ស័យ៤នាក់ រួមនិងវត្ថុតាងឡានដឹកកូនត្រី១គ្រឿង មានកូនត្រីពេញក្នុងឡាន នៅព្រឹកថ្ងៃដដែលនេះ កម្លាំងកងទ័ពបានប្រគល់ជនសង្ស័យ និងវត្ថុតាងអោយមកកម្លាំសង្កាត់រដ្ឋបាលជលផលជលគីរី ដើម្បីអនុវត្តបន្តតាមនីតិវិធី។ ចំពោះករណីដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទ ដោយប្រើបទល្មើសរបាំងស្បៃមុងបែបនេះ លោកនឹងកសាងសំណុំរឿងតាមច្បាប់ បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីដាក់ទោសទណ្ឌជនសង្ស័យទាំង៤នាក់ មិនអោយរួចខ្លួនឡើយ។ ដោយសារមានអ្នកទិញកូនត្រី ខុសច្បាប់បែបនេះ ទើបបទល្មើសរបាំងស្បៃមុងតែងកើតឡើងវិញភ្លាមៗ ក្រោយកម្លាំងជលផលបង្ក្រាប ឬកម្លាំងកងទ័ពបង្ក្រាប។ លោកបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ និងណែនាំប្រជាពលរដ្ឋកុំអោយប្រព្រឹត្តិខុសច្បាប់ នាំអោយមានទោសដល់ខ្លួន។
ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងទ័ព និងកម្លាំងសង្កាត់រដ្ឋបាលជលជលគីរី ត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងមកស្ថាប័នអយ្យកាសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ឯកឧត្តម ក៏សំណូមពរដល់កម្លាំងសង្កាត់ជលផលជលគីរី និងកម្លាំងកងទ័ព សហការជាមួយអាជ្ញាធរស្រុកជលគីរី បន្តបង្ក្រាបរបាំងស្បៃមុង របាំងសាច់អួនខុសច្បាប់ និងបទល្មើសនេសាទផ្សេងទៀត ដើម្បីអោយពូជមច្ឆាជាតិទឹកសាបយើង នៅគង់វង្សសំរាប់កូនចៅជំនាន់ក្រោយបានស្គាល់៕






