ក្រសួងការងារ លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍បារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្លាយជាធនធានសក្តានុពល និងជាបេសកជនបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានចែករំលែកអំពីព័ត៌មានស្ដីពីផែនការសកម្មភាពជាចម្បងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន គោលនយោបាយទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីកម្ពុជាក្នុងការរៀបចំជណ្តើរអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ។
បន្ថែមលើនេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ ដែលត្រៀមនឹងចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋបារាំង នាបំណាច់ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ឱ្យក្លាយជាអ្នកបន្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ឱ្យកាន់តែមានភាពរឹងមាំ ដ្បិតថានិស្សិតទាំងអស់ជាធនធានមនុស្សដែលមានសក្តានុពលដើម្បីបង្កើត និងបង្កើនឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។
ជាទីបញ្ចប់ លោកជំទាវ ក៏បានរម្លឹកផងដែរថា ក្នុងនាមជាប្រទេសសមាជិករបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅខេត្តសៀមរាប នៅឆ្នាំ២០២៦ខាងមុខ។ ដោយនេះជាឱកាសដ៏ល្អមួយ ក្នុងការទាក់ទាញបន្ថែមនូវការវិនិយោគថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពីបណ្ដាប្រទេសសមាជិកទាំងអស់ ជាពិសេសបណ្ដាប្រទេសជាច្រើនពីអឺរ៉ុប ស្របពេលដែលកម្ពុជាកំពុងតែមានកំណើនបញ្ញវន្ត ជាបន្តបន្ទាប់ដែលមានចំណេះដឹងទូលំទូលាយដូចនិស្សិតជ័យលាភីអាហារូបករណ៍ខាងលើជាដើម៕






