៖ ថៃ បន្តរឿងភាគក្លែងក្លាយអំពីការដាក់មីន ខណៈកម្ពុជា ជម្រុញការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន AOT !
(ភ្នំពេញ)៖ ទោះមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ថៃនៅតែមិនដកដៃក្នុងទង្វើបង្កហេតុដាក់មកលើកម្ពុជាឡើយ។ វេលាចុងក្រោយនេះ ថៃបានប្រើវីដេអូ និងរូបថតក្លែងបន្លំ ដើម្បីចោទថាកងកម្លាំងកម្ពុជា បានដាក់មីនប្រឆាំងមនុស្សសាជាថ្មី។ អ្នកជំនាញ បានចាត់ទុកទង្វើនេះ ជាការរំលោភច្បាប់អន្តរជាតិ ប្រភេទ Perfidy នៃអំពើបោកបញ្ឆោតក្នុងសង្គ្រាម។ កម្ពុជាបានអំពាវនាវឲ្យអាស៊ាន ដាក់ក្រុមសង្កេតការណ៍ចូលត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីបង្ហាញភាពពិត និងការពារសន្តិភាពតាមព្រំដែន។
Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖
ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ត្រូវបានដាក់ចេញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយក៏ប្រទេសថៃ បានបន្តបង្កើននូវល្បិចកល «លួចបន្តិចម្តង» (Salami Slicing Tactic) ដោយឥតអៀនខ្មាស់ កួបផ្សំជាមួយយុទ្ធសាស្ត្រសង្គ្រាមព័ត៌មាន (Information Warfare) ដោយផលិតវីដេអូ និងរូបថតក្លែងបន្លំ ជាដំណាក់កាល ដើម្បីចោទប្រកាន់កងកម្លាំងកម្ពុជា ថាបានដាក់គ្រាប់មីនថ្មីតាមបណ្តោយព្រំដែន។
ថ្មីៗនេះកងទ័ពជើងទឹកថៃ បានប្រកាសថា ពួកគេបានរកឃើញទូរស័ព្ទដៃមួយរបស់ទាហានកម្ពុជានៅជិតតំបន់ព្រះវិហារ ហើយបានអះអាងថា ទូរស័ព្ទនេះមានភស្តុតាងសំខាន់ៗ រួមទាំងរូបថត និងវីដេអូ ដែលបង្ហាញអំពីការដាក់បង្កប់មីនប្រឆាំងមនុស្ស ប្រភេទPMN-2។ ប៉ុន្តែក្រុមជំនាញផ្នែកដោះមីន បានបដិសេធ នូវការអះអាងទាំងនោះវិញ ដោយបញ្ជាក់ថា ប្រសិនបើជាការលួចដាក់មីនពិតប្រាកដមែននោះ គឺនឹងមិនមាននរណា នៅចាំថតវីដេអូ ឬទុកភស្តុតាងបែបនេះឡើយ។ ម្យ៉ាងទៀត ក្នុងស្ថានភាពពិតប្រាកដ ការដាក់មីនតែងតែធ្វើក្នុងល្បឿនលឿន យ៉ាងឆាប់និងរហ័សរហួន និងមានវិធានសុវត្ថិភាពខ្ពស់ថែមទៀត មិនមែនជាអ្វីដូចដែលថៃ បានសម្តែងបោកប្រាស់នៅកណ្តាលវាលនោះទេ។
អ្នកជំនាញបានបន្ថែមទៀតថា វីដេអូនិងរូបថត ដែលភាគីថៃបានផ្សព្វផ្សាយថ្មីៗនេះ គឺជាភស្តុតាងក្លែងក្លាយ ដែលថៃបានរៀបចំជាឈុតឆាកសម្តែង ដោយមានគោលបំណងបំភ្លៃមតិអន្តរជាតិ និងចោទប្រកាន់ដាក់មកលើកងទ័ពកម្ពុជា ដើម្បីចង់បង្វែរការគាំទ្ររបស់ពិភពលោក ដែលតែងអាណិតអាសូរដល់កម្ពុជានៃប្រទេស ដែលទើបងើបពីភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងទើបតែបានស្តារ និងកសាងការអភិវឌ្ឌ្ឍន៍ប្រទេសរបស់ខ្លួន បានរីកចម្រើនខ្លះក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ប៉ុន្តែបែរជាត្រូវបានប្រទេសថៃ ដែលចង់បានទឹកដីនៃសម្បត្តិវប្បធម៌បុរាណខ្មែរនៅតាមបណ្តោយព្រំប្រទល់ បង្កើតជាជម្លោះព្រំដែនដ៏តានតឹងតាមរយៈការគូសផែនទីខុសច្បាប់ជាឯកតោភាគីរបស់ខ្លួន ផ្ទុយនឹងផែនទីពិតប្រាកដរបស់កម្ពុជា ដែលពិភពលោកបានទទួលស្គាល់ថា ជាផែនទីផ្លូវការនិងពិតប្រាកដរបស់ព្រះរាជាណាចក្រកម្ពុជា រក្សាទុកនិងតម្កល់នៅអង្គការសហប្រជាជាតិ។ ការបង្កើតនូវភស្តុតាងថ្មីៗទាំងរូបថតនិងវីដេអូ ដែលបង្ហាញអំពីការដាក់បង្កប់មីនប្រឆាំងមនុស្សប្រភេទ PMN-2 នេះគឺភាគីថៃ បាននិងកំពុងប្រើប្រាស់វិធីដ៏ពិសពុលមូយដាក់មកលើកម្ពុជា។
អ្នកជំនាញបានថ្លែងថា ជនជាតិថៃ ដែលជាខ្មែរនៅខេត្តសុរិន្ទ អាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ខណៈសម្ភារៈនិងសម្លៀកបំពាក់កងទ័ពកម្ពុជា រួមទាំងក្រមាខ្មែរក៏គេអាចទិញបានយ៉ាងងាយស្រួលនៅក្នុងទីផ្សាររបស់ថៃបានទៀតផងដែរ។ ដូច្នេះជាមួយនឹងការបង្កើតភស្ថុតាងក្លែងក្លាយរបៀបនេះគឺភាគីថៃ កំពុងព្យាយាមប្រើយុទ្ធសាស្ត្រសង្គ្រាមព័ត៌មានផង ដោយរៀបចំឈុតឆាកបង្កប់មីនក្លែងបន្លំផង ដែលទង្វើនេះ អាចត្រូវបានគេចាត់ទុកថា ជាទង្វើបំពានច្បាប់មួយដែលសកលលោកស្គាល់ជាទូទៅថា Perfidy អំពើបោកបញ្ឆោតក្នុងសង្គ្រាម។
* Perfidy អំពើហាមឃាត់ក្រោមច្បាប់អន្តរជាតិ
អ្នកជំនាញផ្នែកដោះមីន បានបញ្ជាក់ថា វីដេអូនិងរូបថតទាំងនេះមិនមែនជាភស្តុតាងទេ ប៉ុន្តែជាការរៀបចំឈុតឆាកក្លែងបន្លំ ដើម្បីបំភ្លៃមតិអន្តរជាតិ និងបង្កើតភាពជាអ្នករងគ្រោះក្លែងក្លាយសម្រាប់ថៃ។ ការធ្វើឲ្យសាធារណៈមតិជឿថា «កម្ពុជាបំពានបទឈប់បាញ់» គឺជាយុទ្ធសាស្ត្រ ដែលថៃបានប្រើប្រាស់យ៉ាងច្បាស់លាស់ក្នុងការប្រើលើបញ្ហាមីនផ្ទុះ ដើម្បីបង្កើតរកលេសស្របច្បាប់មួយសម្រាប់ការធ្វើប្រតិបត្តិការយោធា។
ច្បាប់មនុស្សធម៌អន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើពុត ឬបន្លំធ្វើជាភាគីប្រឆាំង ដើម្បីបង្កគ្រោះថ្នាក់ ឬ ជាភាសាអង់គ្លេសហៅថា (Perfidy) នោះ ត្រូវបានច្បាប់ហាមឃាត់យ៉ាងតឹងរ៉ឹង តាមមាត្រាទី៣៧ នៃសន្ធិសញ្ញាបន្ថែមទី១ (Additional Protocol I) នៃកិច្ចព្រមព្រៀងក្រុងហ្សឺណែវ។ ប្រសិនបើការរៀបចំឈុតឆាកដាក់មីននេះត្រូវបានបញ្ជាក់ថាជាការពិតនូវទង្វើ Perfidy មែននោះ វាជាការរំលោភច្បាប់អន្តរជាតិចំពោះ សុវត្ថិភាពទាហាន និងប្រជាពលរដ្ឋកម្ពុជា។
កម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីនថ្មី បាន បន្តរក្សាការស្មោះត្រង់ និងការអនុវត្តតាមច្បាប់អន្តរជាតិ ដោយស្នើឲ្យមានក្រុមសង្កេតការណ៍អាស៊ានAOT (ASEAN Observation Team) ចូលត្រួតពិនិត្យស្ថានភាពជាក់ស្តែង។ AOT គឺជាយន្តការសំខាន់បំផុតក្នុងការបង្ហាញ ភស្តុតាងពិតប្រាកដ និងបញ្ចប់យុទ្ធសាស្ត្របោកបញ្ឆោតដែលថៃកំពុងប្រើ។ ការបំពានទាំងនេះ មិនត្រឹមតែបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានបង្កើតឡើងដោយការខិតខំប្រឹងប្រែងរួមរបស់សហរដ្ឋអាមេរិក អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងសន្តិភាព និងសុវត្ថិភាពទូទាំងតំបន់ថែមទៀត។
* អាស៊ាន ត្រូវជម្រុញការដាក់ពង្រាយយន្តការសង្កេតការណ៍អាស៊ាន (ASEAN Observation Team)
ដោយសារប្រទេសថៃ នៅតែបន្តប្រើល្បិចកល «លួចបន្តិចម្តងៗ Salami Slicing Tactic» និងបំពានលើបទឈប់បាញ់ជាបន្តបន្ទាប់គ្មានឈប់ឈរនោះ ជម្រើសដើម្បីតម្លាភាពនៃការគោរពកិច្ចឈប់បាញ់ ត្រូវគេមើលឃើញថា គឺមានតែមួយគត់នាពេលនេះ។ ចំពោះកម្ពុជា ដើម្បីការពារភាពយុត្តិធម៌ និងសន្តិភាពពិតប្រាកដ ក្រុមសង្កេតការណ៍អាស៊ាន AOT (ASEAN Observation Team) ត្រូវតែបង្កើត និងដាក់ពង្រាយឱ្យបានឆាប់ជាទីបំផុត នៅក្នុងតំបន់ជម្លោះតាមព្រំប្រទល់ ដើម្បីបង្កលទ្ធភាពឱ្យពួកគេចូលដំណើរការត្រួតពិនិត្យស្ថានភាពនៅតំបន់ព្រំដែន ក្នុងការបង្កើតភស្តុតាងពិតប្រាកដ នៅលើតារាងនិងបង្ហាញសភាពការណ៍ពិតដល់សហគមន៍អន្តរជាតិ និងពិភពលោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា ក្នុងកិច្ចជួបពិភាក្សាជាមួយប្រធានអាស៊ានប្តូរវេន លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើការជំរុញបង្កើតក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) និងពង្រឹងដំណើរការចំពោះក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (Interim Observation Team)។ ក្រុមទាំងពីរនេះ គឺជាយន្តការសំខាន់បំផុតសម្រាប់ តាមដាន និងត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងមានភាពស្មោះត្រង់។
តាមរយៈ ASEAN Observation Team AOT, អំពើរំលោភបំពានតាមបណ្តោយព្រំដែន នឹងរំពឹងត្រូវបានកត់ត្រាដោយភស្តុតាងច្បាស់លាស់ ដើម្បីបង្ហាញពិភពលោកថា អ្នកណាជាភាគីបង្កើតបញ្ហាពិតប្រាកដ។ ក្រុមនេះនឹងក្លាយជាយន្តការផ្លូវការសម្រាប់បង្ហាញភាពពិតនៅតំបន់ជម្លោះ និងធានាថា កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវអនុវត្តយ៉ាងប្រសិទ្ធភាព ហើយមិនអាចត្រូវបានថៃ ប្រើជាលេសចោទប្រកាន់កម្ពុជាទៀតបានឡើយ។
ក្នុងបរិបទដែលកិច្ចព្រមព្រៀងឈប់បាញ់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងត្រូវបានសាកល្បងជាង២០ថ្ងៃរួចមកនេះ ភាពក្រឡិចក្រឡុចរបស់ថៃ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្រឡែត។ ការផលិតវីដេអូនិងរូបថតក្លែងបន្លំ ដើម្បីចោទប្រកាន់កងកម្លាំងកម្ពុជា ថាដាក់មីនថ្មី បង្ហាញថាថៃកំពុងប្រើយុទ្ធសាស្ត្រសង្គ្រាមព័ត៌មាន Information Warfare និងល្បិចកល «Salami Slicing» ដើម្បីបំភ្លៃការពិត និងបង្កើតរកលេសសម្រាប់ប្រតិបត្តិការយោធា។
ប្រសិនបើការរៀបចំឈុតឆាកក្លែងបន្លំនេះ ត្រូវបានបញ្ជាក់ថា វាជាការពិតមែននោះវានឹងត្រូវបានចាត់ទុកជា អំពើវៀចវេរ Perfidy ដែលត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះសហគមន៍អន្តរជាតិ គប្បីត្រូវជម្រុញការដាក់ពង្រាយយន្តការត្រួតពិនិត្យអាស៊ាន AOT (ASEAN Observation Team) និងក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដើម្បីបង្ហាញភស្តុតាងពិតប្រាកដ និងបញ្ចប់យុទ្ធសាស្ត្របោកបញ្ឆោតរបស់ថៃនេះ។
សេចក្តីសន្និដ្ឋានរួម ការចូលរួមរបស់អាស៊ាន និងសហគមន៍អន្តរជាតិ គឺជាកត្តាសំខាន់បំផុត ក្នុងការធានាថា កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព ហើយថៃ ក៏នឹងអាចបាត់បង់លេសនូវការប្រើព័ត៌មានក្លែងបន្លំទាំងឡាយ ដើម្បីចោទប្រកាន់ដាក់កម្ពុជាវិញទៀតដែរ៕



