ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីមាំង បង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ភ្នំពេញ ៖ បទបញ្ជារក្រើនរំលឹកជាថ្មីម្តងទៀត របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារទៅកាន់អធិការនគរបាលខណ្ឌទាំង១៤ ត្រូវរឹតបន្តឹងឲ្យបានខ្លាំង ចំពោះម៉ូតូកៃច្នៃបំពង់ស៊ីមាំងបង្កជាសម្លេងរំខានខ្លាំងទៅដល់បងប្អូន ប្រជាពលពលរដ្ឋ តាមទីសាធារណៈ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យសមត្ថកិច្ចតាមខណ្ឌ ធ្វើការចាប់ឃាត់រាល់ម៉ូតូកៃច្នៃបំពង់ស៊ីមាំង យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឲ្យសាមីខ្លួនយកបំពង់ស៊ីមាំងដើមដែលត្រឹមត្រូវយកមកធ្វើការផ្លាស់ប្តូរដោយខ្លួនឯង ។ នឹងត្រូវធ្វើការពន្យល់អប់រំណែនាំឲ្យពួកគេយល់ពីកំហុសឆ្គងរបស់ខ្លួន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវទាំងអស់គ្នា មុនធ្វើការអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញ ។
បទបញ្ជាររបស់ឯកឧត្តមស្នងការ បន្ថែមថា ក្នុងករណីបន្តប្រព្រឹត្តិខុសជាលើកទី២ សមត្ថកិច្ចត្រូវធ្វើកំណត់ហេតុ ដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការខណ្ឌក្នុងមួយរយៈពេល ជាបណ្តោះអាសន្នសិន ដើម្បីឲ្យសមីខ្លួនមានការរៀងចាល និងភ្ញាក់រលឹកពីកំហុសឆ្គងដដែលៗ រួចត្រឡប់មកចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនឡើងវិញ ។
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ដែលកម្លាំងនគរបាលរាជធានី ទើបតែចេញអនុវត្តនោះទេ ប៉ុន្តែដោយសារកត្តាពិនិត្យឃើញថា ម៉ូតូដែលបានកៃច្នៃបំពង់ស៊ីមាំងនេះ វាបង្កសម្លេងខ្លាំងមកកាន់ទីសាធារណៈ រំខានដល់គ្រប់មជ្ឈដ្ឋានពាក់ពាក់ព័ន្ធ រ៉ាប់បញ្ចូលទាំងអ្នកកំពុងធ្វើដំណើរ ពលរដ្ឋកំពុងលក់ដូររកស៊ីទទួលទានតាមលំនៅឋាន សិស្សានុសិស្សកំពុងសិក្សារៀនសូត្រ ក៏ដូចជាអ្នកមានជម្ងឺ ឬមនុស្សចាស់ជរា មិនមានស្មារតីគ្រប់គ្រប់អារម្មណ៍គ្រប់គ្រាន់ជាដើម ទើបសមត្ថកិច្ចបន្តពង្រឹងការចុះអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយឲ្យបានខ្ពស់លើការកៃច្នៃល្មើសទាំងនេះ ៕



