រដ្ឋមន្ត្រីសុខាភិបាល «ប្រធាន និងថ្នាក់ដឹកនាំអង្គភាព គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន»

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែត, នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែងរកបញ្ហានិងដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឱ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកាល់ម៉ែត និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបម្រើសេវារបស់មន្ទីរពេទ្យឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕

You might also like