ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៖ ចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ាន ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ ឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានលើកឡើងតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២១ ខែសីហានេះថា ប្រទេសចិននឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ នឹងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
តាមរយៈខ្លឹមសារ និងភ្ជាប់ជាមួយរូបថត ក្នុងជំនួបជាមួយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិនៅព្រឹកនេះ, ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេសចិន គាំទ្រយ៉ាងមុតមាំចំពោះការអនុវត្តកុងសុងស៊ីសដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល Putrajaya រវាងថ្នាក់ដឹកនាំកម្ពុជា និងថៃ កិច្ចប្រជុំពិសេស GBC និងកិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅទីក្រុង Anning ប្រទេសចិន ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្ដារស្ថានការណ៍ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃឱ្យប្រក្រតីឡើងវិញ និងទំនាក់ទំនងទ្វេភាគីឱ្យប្រក្រតីឡើងវិញឱ្យបានឆាប់រហ័ស។
ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា «យើងនឹងសហការជាមួយប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ដើម្បីខិតខំស្ដារសន្តិភាពកម្ពុជា-ថៃ និងសន្តិភាព និងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែន នៃប្រទេសទាំងពីរ»៕

You might also like