ប្រធានអាស៊ាន លោក Anwar ថ្លែងថា សំណើបន្ថែមក្រុមអ្នកសង្កេតការណ៍ គឺដើម្បីធានាសុវត្ថិភាពនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាការជ្រៀតជ្រែកទេ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាសំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍បន្ថែមដើម្បីតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមានគោលដៅតែមួយគត់ក្នុងការធានាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ មិនមែនជាការលូកលាន់កិច្ចការរបស់ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថាក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) ត្រូវបន្ថែមសមាជិកដើម្បីឱ្យមានតុល្យភាព។ «ជាឧទាហរណ៍ យើងមានសមាជិក១០រូបនៅក្នុង ទីក្រុងបាងកក តែយើងមានតែ២រូបប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។ ដូច្នេះយើងចាំបាច់ត្រូវបង្កើនសមាជិកបន្ថែម»។ នេះជាការគូសបញ្ជាក់របស់លោក Anwar។ តាមលោក Anwar ប្រសិនបើ មិនគ្រប់គ្រាន់ទេ សមាជិកបន្ថែមអាចយកចេញពីអនុព័ន្ធយោធា និងស្ថានទូត និងគាំទ្រក្រុមការងារផ្សេងទៀត។
គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Anwar ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai បានទាត់ចោលសំណើបញ្ជូនក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បន្ថែម ទៅតាមដានការអនុវត្តបទឈប់បាញ់នៅឯតំបន់ព្រំដែនកម្ពុជា និងថៃ៕

You might also like