សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ជួបពិភាក្សាការងារជាមួយទូតមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ផ្តោតសំខាន់លើសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams

(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោក ច សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថាគណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផ្ទាល់ មានភាពចាំបាច់ចំពោះមុខ និងយូរអង្វែងទៅមុខ។
លោកសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចនេះ ជាយន្តការបន្ថែម និងជាការបន្ថែមកម្លាំងកម្រិតថ្នាក់ជាតិ ដើម្បីចង្អុល តម្រង់ទិសដល់ថ្នាក់ក្រោមជាតិដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាប្រតិបត្តិករផ្ទាល់។
លោកសន្តិបណ្ឌិត បានបន្ថែមថា គ.ប.ឆ.ប. បាននិងកំពុងបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំង និងបោសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកសន្តិបណ្ដិតក៏បានសំណូមពរដល់ឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញាប្រព្រឹត្តបទល្មើស Online Scams និងបន្តទទួលយកប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរ ស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។
ជាកិច្ចឆ្លើយតប លោក ច សូ មីន (Kyaw Soe Min) បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលបានរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគម្រូសម្រាប់ប្រទេសដទៃ។
ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាសម្រេចបាន ផ្តល់ជាប្រយោជន៍ដល់ស្ថិរភាពរបស់កម្ពុជា និងក្នុងតំបន់។
ទន្ទឹមនេះ លោកក៏បានបញ្ជាក់ថា តាមរយៈជំនួបនេះលោកទទួលបាននូវបទពិសោធន៍ល្អៗរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកក៏បានគូសបញ្ជាក់អំពីការតាំងចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ដូចជាចែករំលែកបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការបង្រ្កាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងមកផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគត ធ្វើយ៉ាងណាដើម្បីស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់កាត់បន្ថយជាអតិបរិមា និងធ្វើឱ្យស្ថានភាពទូទៅរបស់បណ្តាប្រទេសពាក់ព័ន្ធបានធូរស្រាល ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

You might also like