តុលាការថៃ ច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ លើអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន
តុលាការថៃ នៅថ្ងៃសុក្រ (២២ សីហា) នេះ បានសម្រេចច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយឆ្នាំ២០១៥ ដែលលោកបានធ្វើអំឡុងពេលនិរទេសខ្លួនឯងរយៈពេលដ៏យូរនៅបរទេស ខណៈឧបសគ្គផ្លូវច្បាប់មួយទៀតកំពុងតែជិតមកដល់។
សំណុំរឿងនេះកើតចេញពីបណ្តឹងរបស់យោធានៃព្រះរាជាណាចក្រមួយនេះ ដែលបានបណ្ដេញលោក ថាក់ស៊ីន និងប្អូនស្រីរបស់លោកគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ឱ្យចុះពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០០៦ និងឆ្នាំ២០១៤។ លោក ថាក់ស៊ីន បានត្រឡប់ទៅថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីនៅក្រៅប្រទេសអស់ ១៥ឆ្នាំ ដើម្បីចូលខ្លួនអនុវត្តទោស ៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ដែលក្រោយមក ត្រូវបានបន្ថយមកត្រឹម ១ឆ្នាំវិញដោយព្រះមហាក្សត្រ មហា វិច្ចរ៉ាឡុងកន។
ក្នុងយប់ដំបូងរបស់លោក ថាក់ស៊ីន ក្នុងពន្ធនាគារ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនគរបាល បន្ទាប់ពីត្អូញត្អែរថាឈឺក្នុងទ្រូង។ ពេលនោះ លោកស្នាក់នៅក្នុងបន្ទប់ពិសេសវីអាយភីរបស់មន្ទីរពេទ្យអស់ ៦ខែ រហូតដល់លោកត្រូវដោះលែងឱ្យនៅក្រៅឃុំ។ ការស្នាក់នៅរយៈពេលយូរបែបនេះ បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ និងបានចោទជាសំណួរពីភាពពិតប្រាកដនៃជំងឺ។
តុលាការមួយផ្សេងទៀតនឹងសម្រេចក្នុងរយៈពេល ១៨ថ្ងៃក្រោយ ថាតើការស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារនេះ មានន័យថាការអនុវត្តទោសក្នុងពន្ធនាគាររបស់លោកពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍នោះ មិនត្រូវបានបំពេញពេញលេញ ឬយ៉ាងណា៕






