ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ០៣វត្ត និងអាស្រមមួយនៅស្រុកបាទី
តាកែវ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំកណ្ដឹងដឹកនាំដោយ ឯកឧត្តម គូន សារឿន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន០៣វត្ត និងអាស្រម០១ រួមមាន វត្តបន្ទាយត្រាវ ស្ថិតនៅភូមិឱភាសាំង វត្តឃ្លាំងសៀម ស្ថិតភូមិក្រសាំង វត្តសុភីរ ហៅ វត្តកកោះ ស្ថិតនៅភូមិកណ្តឹងធំ និងអាស្រមថ្មអន្ទង ហៅ គិរីធម្មវ័ន ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
ឱកាសនោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកណ្ដឹង រួមទាំងពុទ្ធបរិស័ទ្ធបាននាំយកនូវសម្ភារៈ ដូចជា ទៀនវស្សា ០៤គូ អង្ករ ០៩បាវស្មើ និង ៤៥០គីឡូក្រាម មី ២០កេស ទឹកត្រី ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកក្រូច ទឹកភេសជ្ជៈ ២០កេស ស្ករស ៣០ គីឡូក្រាម អំបិល ២០គីឡូក្រាម ទឹកសុទ្ធ ២០កេស ត្រីខកំប៉ុង ២០យួរ និងបច្ច័យប្រគេន ៤វត្ត សរុបជាថវិកា ៧,៩៨៨,២០០រៀល។
សមាជិកក្រុមការងារ បានលើកឡើងថា កន្លងទៅបើទោះបីមានបញ្ហាជម្លោះព្រំដែន ក៏ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ តែងឆ្លៀតឱកាសប្រគេនព្រះសង្ឃនូវទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ ដើម្បីសុំសេចក្តីសុខ សេចក្តីចំរើនជូនដល់វីរកងទ័ពកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់គ្នា ៕



