មនុស្សច្រើននាក់ស្លាប់ និងអ្នកដំណើរច្រើននាក់ទៀតជាប់ខ្លួន ឧបទ្ទវហេតុរថយន្តក្រុងទេសចរណ៍នៅ រដ្ឋញូវយ៉ក
យោងតាមនគរបាលរដ្ឋញូវយ៉ក បានឱ្យដឹងថា មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍មួយគ្រឿងបានជួបឧបទ្ទវហេតុនៅរដ្ឋ New York នៅទីក្រុងញូវយ៉កភាគខាងលិច។
នគរបាលនិយាយថា ក្រុមនេះបានធ្វើដំណើរត្រឡប់មកពីទឹកធ្លាក់ Niagara នៅតាមព្រំដែនសហរដ្ឋអាមេរិក-កាណាដា ទៅកាន់ទីក្រុងញូវយ៉កវិញ នៅពេលនោះសាក្សីបានឃើញរថយន្តបាត់បង់ការគ្រប់គ្រង ហើយបានក្រឡាប់។ នគរបាលនិយាយថា ជនរងគ្រោះភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ចិន និងហ្វីលីពីន។
អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បាននិយាយថា មន្ត្រីក្នុងតំបន់កំពុងធ្វើការដើម្បីជួយសង្គ្រោះ និងផ្តល់ជំនួយដល់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។ រថយន្តគិលានសង្គ្រោះ និងឧទ្ធម្ភាគចក្រពេទ្យត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។






