បុរសម្នាក់ អង្គុយហូបនំក្រោមស្លាក អិលអ៊ីឌី ត្រូវម្នាងសិលាធ្លាក់ចំក្បាលបែក ត្រង់ចំណុចអាងទឹកអូឡាំពិក
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ ត្រង់ចំណុចអាងទឹកអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បុរសជនអនាថាម្នាក់ អង្គុយហូបនំអាកោក្រោមស្លាក អិលអ៊ីឌី ត្រូវម្នាងសិលាដែលមានសភាពចាស់ធ្លាក់ពីលើចំក្បាលហូរឈាមស្រោចពេញខ្លួន។
មុនកើតហេតុគេឃើញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា កំពុងរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក្បែរអាងទឹក។ ស្របពេលនោះ បុរសជាជនអនាថាខាងលើ បានដើរពីក្រៅមកអង្គុយខាងក្រោមស្លាក អិលអ៊ីឌី ដោយដៃមានកាន់នំមួយថង់ រួចហូប។ នៅពេលនោះ ខណៈហូបនំមិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែធ្លាក់ម្នាងសិលាពីលើចុះមកក្រោមចំក្បាលបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន ផ្អើលសមត្ថកិច្ចអន្តរាគមន៍តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ច បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យតាមកង់បីឥណ្ឌា ដើម្បីព្យាបាលរបួសផងដែរ៕



