របាំងស្បៃមុងជាង3,000ម៉ែត្រ ដែលជាឧបករណ៍នេសាទខុសច្បាប់ បង្ក្រាបនិងដុតបំផ្លាញចោលនៅស្រុកពាមជរ ខេត្តព្រៃវែង
(ខេត្តព្រៃវែង)៖ មន្ត្រីជលផលខេត្តព្រៃវែងចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅស្រុកពាមជរដុតបំផ្លាញចោលស្បៃមុងជាង ៣,០០០ម៉ែត្រ និងលែងកូនត្រីចូលបឹងធម្មជាតិជិត១០០kg។
ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងលោកនាយខណ្ឌរដ្ឋបាលជលផល គិតត្រឹមរយៈពេល ២ថ្ងៃចុងសប្តាហ៍នេះ មន្ត្រីជលផលខេត្តព្រៃវែងបានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងដែលជនល្មើសបានលួចដាក់នៅតាមវាលបឹងធម្មជាតិក្នុងស្រុកពាមជរបានចំនួន២ករណី ស្មើនឹង២ឃុំ ដោយបានរឹបអូស និងដុតកម្ទេចចោលនៅឧបករណ៍របាំងស្បៃមុងប្រមាណជាង ៣,០០០ម៉ែត្រ។
លោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផលបានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះលោកបានដឹកនាំកម្លាំងជំនាញសហការជាមួយនឹងរដ្ឋបាលស្រុកពាមជរចុះធ្វើការបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងកំប្លោក ក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ដោយបានរុះរើ និងដុតបំផ្លាញចោលលូស្បៃមុងចំនួន ១៦មាត់ របាំងស្បៃមុង ១៤០០ម៉ែត្រ បង្គោលចម្រឹងឬស្សី ៥៦០ដើម និងចាក់ព្រលែងកូនត្រីចំរុះ ចូលទៅក្នុងបឹងធម្មជាតិវិញបានចំនួនជាង ៥០គីឡូ។
ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែសីហា លោកបានបន្តដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងនេះមួយករណីទៀតដោយបានសហការជាមួយកម្លាំងរដ្ឋបាលស្រុក និងសហគមន៍ដែលស្ថិតនៅចំណុចភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ ដោយបានដុតបំផ្លាញចោលវត្ថុតាងលូស្បៃមុងចំនួន ១៨មាត់ របាំងស្បៃមុង ១៥០០ម៉ែត្រ បង្គោលចម្រឹងឬស្សី ៦៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលដែនធម្មជាតិវិញបានជាង ២០គីឡូ។
លោក សឿ វិចិត្រ បានបញ្ជាក់ថា មិនមែនត្រឹមតែឧបករណ៍នេសាទប្រភេទរបាំងស្បៃមុងនេះទេដែលត្រូវបានហាមឃាត់គឺគ្រប់ការនេសាទ និងគ្រប់ឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់លើកលែងតែឧបករណ៍នេសាទទាំងឡាយណាដែលច្បាប់មិនហាមឃាត់គឺប្រជាពលរដ្ឋអាចធ្វើការនេសាទបាននៅក្នុងរដូវបិទនេសាទ រយៈពេល ៣ខែនេះព្រោះអំឡុងពេលនេះត្រីកំពុងពងកូនហើយរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ទើបការបិទនេសាទនេះត្រូវបានបញ្ចប់ចំពោះក្រុមឈ្មួញដែលមកចាំទិញកូនត្រីអោយត្រីឆ្តោស៊ីក៏តែងតែបង្ក្រាបផងដែរព្រោះជាទង្វើដែលច្បាប់ហាមឃាត់៕



