រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និយាយថា គ្មានជំនួបរវាងលោក Putin និងលោក Zelenskyy ទេ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ពុំមានគម្រោងសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ ស្របពេលមានកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump ។
លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីព័ត៌មាន Meet the Pressរបស់ទូរទស្សន៍ NBC News ថា លោក Putin បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយ លោក Zelenskyy នៅពេលដែលរបៀបវារៈរួចរាល់សម្រាប់កិច្ចប្រជុំកំពូល ហើយរបៀបវារៈនេះមិនទាន់រួចរាល់នៅឡើយទេ ។
ជំនួបរវាងលោក Zelenskyy និងលោក Putin គឺជាគោលបំណងសំខាន់របស់លោក Trump បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោក Putin នៅទីក្រុង Anchorage រដ្ឋ Alaska កាលពីថ្ងៃសុក្រទី១៥សីហា ក្នុងគោលបំណងដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក Trump បាននិយាយបន្ទាប់ពីកិច្ចប្រជុំនេះថា សហរដ្ឋអាមេរិកបាន ចាប់ផ្តើមការរៀបចំ សម្រាប់កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំនៃប្រទេសកំពុងមានសង្រ្គាមទាំងពីរ។
លោកបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា បន្ទាប់ពីកិច្ចប្រជុំនោះកើតឡើង យើងនឹងមានជំនួបផ្សេងមួយទៀត ដែលនឹងមានវត្តមានរបស់ប្រធានាធិបតីទាំងពីរ បូករួមទាំងរូបលោកផងដែរ៕



