ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ ៕

You might also like