លោក Trump សាទរទំនាក់ទំនង “ដ៏រឹងមាំ” ជាមួយចិន បន្ទាប់ពីជំនួបទូរសព្ទជាមួយលោក Xi Jinping
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) បានសាទរទំនាក់ទំនងជាមួយចិន ថា “រឹងមាំខ្លាំងណាស់” បន្ទាប់ពីកិច្ចសន្ទនាទូរសព្ទជាមួយមេដឹកនាំចិន លោក Xi Jinping ខណៈប្រធានាធិបតីចិនរូបនេះបានប្រាប់ទៅលោក Trump វិញថា “ការវិលត្រឡប់របស់កោះតៃវ៉ាន់ទៅកាន់ប្រទេសចិនវិញ” គឺជាផ្នែកដ៏សំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំង សម្រាប់សណ្តាប់ធ្នាប់ពិភពលោក។
ជំនួបទូរសព្ទនេះ ដែលមិនធ្លាប់ត្រូវប្រកាសដោយប្រទេសទាំងពីរនោះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នានៅកូរ៉េខាងត្បូង ជាទីដែលលោកទាំងពីរបានយល់ព្រមលើក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានស្រង់សម្តី លោក Xi ដែលនិយាយថា “ចិន និងសហរដ្ឋអាមេរិក ធ្លាប់ប្រយុទ្ធប្រកៀកស្មាគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម និងយោធានិយម ហើយឥឡូវនេះ គួរតែធ្វើការរួមគ្នាដើម្បីការពារលទ្ធផលនៃសង្គ្រាមលោកលើកទីពីរ” ដោយបន្ថែមថា “ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន គឺជាផ្នែកដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម”។
លោក Trump ពុំបានលើកពីកោះតៃវ៉ាន់ ក្នុងការបង្ហោះបណ្ដាញសង្គម Truth Social នៃជំនួបទូរសព្ទ “ដ៏ល្អ” ជាមួយលោក Xi ទេ ដោយគ្រាន់តែនិយាយថា កិច្ចសន្ទនាគ្របដណ្តប់ប្រធានបទជាច្រើន រួមទាំងអ៊ុយក្រែន សារធាតុហ្វង់តានីល និងផលិតផលកសិកម្មរបស់អាមេរិក។
លោកបានសរសេរបង្ហោះថា “ទំនាក់ទំនងអាមេរិកជាមួយចិន រឹងមាំខ្លាំងណាស់! កិច្ចសន្ទនានេះគឺជាការតាមដានកិច្ចប្រជុំដ៏ជោគជ័យរបស់ភាគីទាំងពីរនៅកូរ៉េខាងត្បូង កាលពី ៣សប្តាហ៍មុន។ លោក Trump បន្តថា លោកបានទទួលយកការអញ្ជើញរបស់លោក Xi ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែមេសា (ឆ្នាំ២០២៦) ហើយក៏បានអញ្ជើញលោក Xi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក នៅពេលក្រោយ ក្នុងឆ្នាំដដែលនោះ៕






