ក្រសួងវប្បធម៌ គ្រោងរៀបចំ ព្រឹត្តិការណ៍ សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១ នៅចុងខែវិច្ឆិកា នេះ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ធំមួយនិងលើកដំបូងគឺ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥” នាថ្ងៃសៅរ៍ អាទិត្យ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីទាំងប្រាំពីរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
នៅក្នុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងប្រាំពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា “សិល្បៈការចាក់ចេក” “សិប្បកម្មសហគមន៍គួយហៃ” “សិប្បកម្មសហគមន៍ក្រម៉ាត្រុំ” ជាដើម។
រួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា សូមចូលរួមព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥ ទាំងអស់គ្នា។ កិច្ចការពារបេកតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕



