រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលតែងចូលរួមសហការ លើកកម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការចូលរួមនេះបង្ហាញអំពីឆន្ទៈ ក្នុងការសម្រេចនូវបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ សម្រេចឲ្យបាន«បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណកម្ម» និង «មនុស្សម្នាក់អត្តសញ្ញាណតែមួយ» តាមរយៈការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥។
បើតាមបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើងទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងនោះរួមមាន ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់។ នៅក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន៕




